ភ្នំពេញ ៖ រថយន្តម៉ាក toyota prius មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តម៉ាក toyota prius មួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹងរងការខូចខាតយ៉ាងដំណំនិងបណ្ដាលឱ្យរថយន្តមួយគ្រឿងរេចង្កូតទៅបុករបងដែកមុខផ្ទះប្រជាពលរដ្ឋបាក់ជាច្រើនកង់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នៅចំណុចក្បែរនឹងអគ្គិសនីកម្ពុជា ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota prius ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BV-7743 បេីកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀតបានចេញពីផ្លូវបេតុងក្នុងបុរីមួយកន្លែងក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបើកឆ្លងផ្លូវបំបែកជាបួន ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តម៉ាក toyota prius មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2X-9212 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿននិងមិនបង្អង់ល្បឿនក៍ជ្រុលទៅបុករថយន្តរថយន្តToyota Prius ពណ៌ខ្មៅ ចំពាក់កណ្ដាលពេញទំហឹងបណ្តាលឱ្យរេចង្កូតទៅបុករបងដែកផ្ទះប្រជាពលរដ្ឋរងការខូចខាតជាច្រើនផ្ទាំង តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ដោយខូចខាតតែរថយន្តទាំងពីរគ្រឿងនិងរបងដែកមុខផ្ទះពលរដ្ឋជាច្រើនផ្ទាំងប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឱ្យភាគីទាំងសងខាងសម្រួលគ្នាដែរតែមិនត្រូវគ្នាទេីបមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ