សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា គណបក្សរបស់អ្នកនយោបាយស្លូវ៉ាគីម្នាក់ ដែលមាននិន្នាការប្រឆាំងនឹងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន និងមានទំនោរគាំទ្ររុស្ស៉ី បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
លទ្ធផលបោះឆ្នោតរាប់បាន ៩៨ភាគរយ បានបង្ហាញថាគណបក្ស SMER-SSD របស់លោក Robert Fico ទទួលបានសំឡេងគាំទ្រ ២៣.៣៧ភាគរយ ខណៈគណបក្ស Progressive Slovakia (PS) ដែលជាគូប្រជែងធំបំផុតទទួលបានសំឡេងគាំទ្រ ១៦.៨៦ភាគរយ។ ប៉ុន្តែ អ្វីដែលជាកត់សម្គាល់ គឺ អតីតនាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះបានសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថាស្លូវ៉ាគី នឹងបញ្ឈប់ការបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន និងថែម ទាំងអំពាវនាវឱ្យមានទំនាក់ទំនងល្អជាមួយរុស្ស៉ីទៀតផង ដោយបង្កឱ្យមានការព្រួយបារម្ភពីការបែកបាក់សាមគ្គីភាពក្នុងសហភាពអឺរ៉ុប និង NATO ។
ក្រុមអ្នកវិភាគមួយចំនួន ក៏បានព្យាករដែរថារដ្ឋាភិបាលរបស់លោក Robert Fico អាចនឹងផ្លាស់ប្ដូរគោលនយោបាយការបរទេសរបស់ស្លូវ៉ាគី មួយទំហឹង ពោលគឺដូចគ្នាទៅនឹងរដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។
ក៏ប៉ុន្តែ លោក Fico ត្រូវស្វែងរកការគាំទ្រពីគណបក្សផ្សេងទៀតជាមុនសិន ដើម្បីអាចបង្កើតរដ្ឋាភិបាលមានសំឡេងភាគច្រើនមួយនៅក្នុងសភា ខណៈ គណបក្សរបស់លោកត្រូវបានគេរំពឹងថានឹងទទួលបានអាសនៈ ៤២ ក្នុងចំណោមអាសនៈសភាសរុប ១៥០៕ ដោយ៖ ធីរីណា
រូបថត៖ Reuters