ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះឫស្សី ឃាត់ខ្លួនករណីធ្វើសកម្មភាពដើរលួចកាត់យកខ្សែភ្លើងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា វេលាម៉ោងប្រហែល ១៖០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះឫស្សី នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានសហការជាមួយកម្លាំងប្រជាការពារ បានធ្វើការបង្រ្កាបករណីចោរកម្ម នៅចំណុចច្រមុះជ្រូកគីឡូ៧ ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ពណ៌ខ្មៅ ធ្វើសកម្មភាពដើរលួចកាត់យកខ្សែភ្លើងប្រជាពលរដ្ឋ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងពីរខាងលើ
១.ឈ្មោះ មិន ខាំផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ។
២.ឈ្មោះ ឆេង ឡុង ភេទប្រុសអាយុ 48 ឆ្នាំមុខរបរកម្មករសំណង់ ជនសង្ស័យទាំងពីររស់នៅស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង ។
ដោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាបានរួមមាន: ខ្សែភ្លើងទម្ងន់ ៩.៥ គីឡូ ស្មើហ្នឹង ៤៥.៥ ម៉ែត្រ និងម៉ូតូ ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ដែលជនសង្ស័យប្រើប្រាស់ក្នុងការជិះធ្វើសកម្មភាព ។
ករណីខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទាំង២នាក់ខាងលើទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស សម