ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងស្ដីបន្ទោស បន្តិចបន្តួចគិតខ្លីលោតទឹកសម្លាប់ខ្លួនមុនប្រឡងឌីប្លូម១យប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងដែលរស់នៅជាមួយស្ដីបន្ទោស បន្តិចបន្តួច គិតខ្លី បាន សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនទាំងយប់។ អត្តឃាតនេះកើតឡើងមុនពេលប្រឡងប៉ុន្មានម៉ោងប៉ុណ្ណោះ នៅគ្រាដែលយុវតីខាងលើត្រូវចូលប្រឡងនៅព្រឹកថ្ងៃទី០២ ខែតុលាឆ្នាំ២០២៣នេះ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ១៩និង ២៥នាទីព្រលប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

យោងតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ ម៉ៅ សុភាព  អាយុ ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០៩នៅវិទ្យាល័យកំពង់ធំ  ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះហាប់ សុផាន អាយុ ៥៦ឆ្នាំ មុខរបរលក់ដូរ(ចេញទៅរកស៊ី) រស់នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពដដែលឲ្យដឹងទៀតថា សព្វថ្ងៃយុវតីរងគ្រោះស្នាក់ នៅជាមួយអ្នកជិតខាងឈ្មោះ ប៊ូ សុធារ៉ា  ភេទស្រី អាយុ ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅភូមិ សង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ។ តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា មូលហេតុបឋម ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោសរឿងដើរលេង មើលទូរសព្ទ មិនធ្វើការងារផ្ទះ និងស្អែកត្រូវប្រឡងផងនោះ។

បច្ចុប្បន្នសមត្ថកិច្ចនិងក្រុមគ្រួសាររងគ្រោះកំពុងធ្វើការស្រាវជ្រាវតាមរក៕

ដោយ៖ សូរិយា


ចែករំលែក៖