ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំកែសម្រួលអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។
ក្នុងកិច្ចប្រជុំនេះដែរដោយមានការអញ្ជើញចូលរួមពី លោកស្រី អគ្គលេខាធិការ, លោក លោកស្រី ជាអគ្គលេខាធិការរង នៃ គ.ជ.ប.ជ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួមហាផ្ទៃ។
សូមជម្រាបជូនដែរថា អនុក្រឹត្យនេះ មានគោលបំណងកែសម្រួលតួនាទី ភារកិច្ចរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងការពង្រឹងទំនាក់ទំនង សម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាង ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជាមួយអន្ដរជាតិ ព្រមទាំងអង្គការ ដៃគូជាតិ អន្ដរជាតិ និងវិស័យឯកជនដែលពាក់ព័ន្ធ ក្នុងការងារប្រយុទ្ធប្រឆាំងរាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសស្ដ្រី កុមារ ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត ក៏ដូចជា ទម្រង់ នៃទាសភាពសម័យទំនើប ដែលកើតមាននៅក្នុងដែនដី និងនៅក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖សហការី