ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ចាប់បានជនបាញ់ប្រហារ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក

ចែករំលែក៖

​កម្លាំងប៉ូលិសទីក្រុងបាងកក់បានចាប់ខ្លួន ជនសង្ស័យម្នាក់អាយុ១៤ឆ្នាំ ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon កណ្តាលទីក្រុងបាងកក នាថ្ងៃទី៣ខែតុលា។
កម្លាំងប៉ូលិសថៃបានឲ្យដឹងថា មានមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ សារព័ត៌មាន Thai PBS News ដោយផ្អែកលើប្រភពពីមន្ទីរពេទ្យ Erawan Emergency Medical Center បានរាយការណ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានរងរបួស។ មនុស្សរាប់រយនាក់បានរត់ចេញពីផ្សារទំនើប Siam Paragon ក្រោយលឺស្នូរគ្រាប់កាំភ្លើងនៅខាងក្នុងផ្សារទំនើប នេះ ដែលត្រូវបានបិទច្រកចេញចូលជាបណ្ដោះអាសន្ន។
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បានទទួលស្គាល់ថាមានហេតុការណ៍បាញ់ប្រហារនេះដែរ ដោយបញ្ជាក់ថាប៉ូលិសគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យមានអាយុ ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ មូលហេតុនៅពីក្រោយការបាញ់ប្រហារនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ការបាញ់ប្រហារខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងដល់ខួបមួយឆ្នាំនៃការវាយប្រហារយ៉ាងបង្ហូរឈាមមួយ នៅក្នុងប្រវត្តិសាស្ត្រ របស់ថៃ នៅពេលដែលអតីតមន្ត្រីប៉ូលិសម្នាក់ប្រដាប់ដោយអាវុធ និងកាំភ្លើង បានវាយប្រហារលើកន្លែងមើលថែក្មេងមួយកន្លែង ដោយសម្លាប់មនុស្សពេញ វ័យ១២នាក់ និងកុមារ ២៤នាក់។ កាលពីឆ្នាំ២០២០ អតីតមន្ត្រីប៉ូលិសថៃម្នាក់ ក៏បានបើកការបាញ់ប្រហារក្នុងផ្សារទំនើបមួយក្នុងខេត្ត Korat ផងដែរ ដោយសម្លាប់មនុស្ស ២៩នាក់ និងជាច្រើននាក់រងរបួស៕

ដោយ៖ ធីរីណា(រូប​ថត​៖ GD&TD)


ចែករំលែក៖