ភ្នំពេញ៖ កម្ពុជា-ចិន បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា។
ការឯកភាពគ្នាបែបនេះ បានធ្វេីឡេីងនាឱកាសលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែតុលាម្សិលមិញនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រីទីប្រឹក្សា និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រពៃណីដ៏ល្អ និងជាបងប្អូនរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានសម្រេចនូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមិនមែនគ្រាន់តែជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្ស និងមនុស្ស ស្ថាប័ន និងស្ថាប័ននៃប្រទេស និងប្រជាជនទាំងពីរផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមចំពោះសក្តានុពល និងផ្លែផ្កាជាច្រើនផ្សេងទៀត ដែលអាចសម្រេចបានក្រោមភាពជាដៃគូដ៏ជិតស្និទ្ធនេះ តាមរយៈការចាប់យកកាលានុវត្តភាពនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅក្នុងក្របខណ្ឌនៃការអនុវត្ត ផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានការពន្លឿនការអនុវត្តផែនការសកម្មភាពនេះ។ លោកស្រីទីប្រឹក្សា ក៏បានឯកភាព និងបានបង្ហាញនូវការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយផ្អែកលើស្មារតីនៃការកសាងសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរនេះ។
ដើម្បីចែករំលែកទស្សនៈអំពីលទ្ធភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រីទីប្រឹក្សា បានកត់សម្គាល់នូវការបន្ស៊ីគ្នារវាងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍នានា ដើម្បីទាញយកប្រយោជន៍ពីសហថាមភាពនៃយុទ្ធសាស្ត្រទាំងនេះ ជូនប្រជាជននៃប្រទេសទាំងពីរ។
ក្នុងស្មារតីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងពីលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការក្នុងការសម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានលើកឡើងនូវវិស័យចំនួន៣ ដែលប្រទេសទាំងពីរ អាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមាន៖ ទី១) ការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ ទី២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការតាក់តែងច្បាប់ និងទី៣) ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំង លោកស្រីទីប្រឹក្សា ក៏បានឯកភាពពន្លឿនការពិភាក្សាជួសជុល និងកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានឯកភាពរៀបចំកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ លោកស្រីទីប្រឹក្សា និងជាពិសេសរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើស្ទើរគ្រប់វិស័យ។ លោកស្រីទីប្រឹក្សា បានសម្តែងសេចក្តីរីករាយ និងការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនមួយកម្រិតថែមទៀត៕
ដោយ៖សហការី