ខេត្តព្រៃវែង ៖ យោងតាមផេកជាផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាក់ឲ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ផ្ដើមធ្វើយុទ្ធការតេស្តពិនិត្យរកសារធាតុគ្រឿងញៀនពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយការពិនិត្យធ្វើតេស្តនេះ ចាប់ផ្ដើមពី លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ និងកម្លាំងនគរបាលទាំងអស់ នៃការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ការធ្វើតេស្តពិនិត្យរកសារធាតុគ្រឿងញៀននេះ ធ្វើឡើងចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ តទៅ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ ក្រោយពិនិត្យធ្វើតេស្តរកសារធាតុគ្រឿងញៀន ពីសំណាក់ លោក-លោកស្រី ស្នងការរង និងមន្ត្រីនគរបាលគ្រប់ការិយាល័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រុមការងារត្រួតពិនិត្យ នឹងបន្តចុះធ្វើការតេស្តពិនិត្យស្វែងរកសារធាតុគ្រឿងញៀន តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្តព្រៃវែងផងដែរ ។
សូមជម្រាបថា កម្លាំងនគរបាលទាំងអស់ទូទាំងខេត្តព្រៃវែង នឹងត្រូវធ្វើតេស្តពិនិត្យរកសារធាតុគ្រឿងញៀន ជាបន្តបន្ទាប់ដោយគ្មានចន្លោះម្នាក់ឡើយ ករណីមន្ត្រីនគរបាលរូបណាអវត្តមាន មិនព្រមមកធ្វើតេស្តពិនិត្យ នោះនឹងត្រូវទទួលវិន័យកងកម្លាំងនគរបាលជាតិ (០០៦) ហើយបើអវត្តមានមិនមកធ្វើតេស្តជាលើកទី២ នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។
ជាមួយគ្នានេះ ករណីរកឃើញមន្ត្រីនគរបាលរូបណាពាក់ព័ន្ធនូវសារធាតុគ្រឿងញៀន មន្ត្រីនគរបាលរូបនោះ នឹងត្រូវលាឈប់ពីក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ៕
ដោយ៖ ស សម