ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ីADB នឹងរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។ ការថ្លែងឡើងនេះ ធ្វើនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ីADB នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ ADB លើការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ក្រសួងបានដាក់ចេញការងារអាទិភាពចំនួន៣ រួមមាន ទី១ ការគ្រប់គ្រងសំណល់រឹង «ភាពស្អាត» ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្តារគម្របព្រៃឈើ «បៃតង» និងទី៣ នាំអាទិភាពទាំង២ ទៅឆាកអន្តរជាតិ «ចីរភាព» ។ ជាការគូសបញ្ជាក់បន្ថែម លោកមរដ្ឋមន្រ្តី មានប្រសាសន៍ថាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ នឹងអាចឈានដល់ការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក នាំឱ្យសហគមន៍ស្អាត និងធនធានធម្មជាតិមិនមានការបំពុលដោយសំណល់ប្លាស្ទិក។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ កញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសម្តែងនូវការសាទរចំពោះការងារអាទិភាពដែលក្រសួងបានដាក់ចេញ ហើយADBនឹងរួមចំណែក្នុងកិច្ចការងារនេះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា ៕
ដោយ៖ ស សម