ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពតចុះពិនិត្យការដ្ឋានពង្រីកផ្លូវតាមបណ្តោយព្រែកកំពង់បាយដើម្បីបញ្ចៀសការកកស្ទះនាឱកាសបុណ្យអុំទូកខាងមុខ

ចែករំលែក៖

ខេត្តកំពត៖ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងឱកាសបុណ្យអុំទូកខាងមុខ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់កោះស្មៅ អភិបាលខេត្តកំពតបានឱ្យអាជ្ញាធរក្រុងកំពតធ្វើការពង្រីកផ្លូវតាមបណ្តោយព្រែកកំពង់បាយចន្លោះពីផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដែលមានទំហំតូច ហើយមានការកកស្ទះរាល់ពេលមានបុណ្យទានម្តងៗ។

ខេត្តកំពតក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន ជាអភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ទីកន្លែងក្នុងក្រុងកំពតត្រូវបានស្ថាបនា និងកែលម្អជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តក្នុងខេត្ត។ ជាក់ស្តែង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក  អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងកំពត ចុះពិនិត្យការដ្ឋានស្ថាបនា និងពង្រីកផ្លូវតាមបណ្តាយព្រែកកំពង់បាយ ចាប់ពីចំណុចផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដើម្បីសម្រួលការកកស្ទះការធ្វើចរាចរណ៍ទៅកាន់តំបន់ឆ្នេរកោះស្មៅ ក៏ដូចជាសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលមកលម្ហែកម្សាន្តនៅទីតាំងរង្វង់មូលត្រីផ្សោតនេះ។

តាមការឱ្យដឹងពីលោក លាង រឿនសុធី អភិបាលក្រុងកំពតបានឱ្យដឹងថា គម្រោងនៃការការពង្រីកផ្លូវតាមបណ្តាយព្រែកកំពង់បាយ ចាប់ពីចំណុចផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតនេះ គឺយើងធ្វើការពង្រីងបន្ថែមឱ្យបានទំហំយ៉ាងតិចទទឹង ១២ម៉ែត្រ។ លោកអភិបាលក្រុងបានបន្ថែមថា បើសិក្សាតាមស្ថានភាពជាក់ស្តែងនៃផ្លូវនេះ ទីតាំងខ្លះពេលពង្រីកបន្ថែមអាចមានទំហំទទឹងរហូតដល់ទៅ ២០ម៉ែត្រ ហើយការស្ថាបនាពង្រីកផ្លូវនេះនឹងធ្វើឱ្យបានរួចរាល់នៅមុនពេលបុណ្យអុំទូកមកដល់នាពេលខាងមុខ។ លោកអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថា ផ្លូវនេះគឺតែងតែមានការកកស្ទះចរាចរណ៍នៅពេលដែលមានបុណ្យទានម្តងៗ ហើយថ្ងៃសៅរ៍ អាទិត្យ ក៏មានការកកស្ទះខ្លះដែរ ដោយសារតែផ្លូវមួយខ្សែនេះ គឺជាផ្លូវដែលពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរទៅលេងកម្សាន្តនៅឆ្នេរកោះស្មៅ។

ជាមួយគ្នានេះដែរ បន្ទាប់ពីចុះពិនិត្យការដ្ឋានពង្រីកផ្លូវរួចមក លោកម៉ៅ ធនិន អភិបាលខេត្តក៏បានបន្តចុះទៅពិនិ្យការដ្ឋានស្ថាបនាសួនលំហែព្រែកកំពង់បាយ ដែលមានទីតាំងស្ថិតនៅមុខសាលាខេត្តចាស់ ដែលសួននេះស្ថាបនាបានប្រមាណ៨០%ហើយ។ សួនលំហែព្រែកកំពង់បាយនេះ គឺជាកន្លែងថ្មីមួយទៀតដែលក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្តឱ្យមានការស្ថាបនាឡើង គឺដើម្បីឱ្យភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្ត អាចអង្គុយមើលថ្ងៃរៀបលិចលើខ្នងភ្នំបូកគោបានយ៉ាងស្រស់ស្អាត។ ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ លោកអភិបាលខេត្តក៏បានជំរុញដល់ក្រុមការងារស្ថាបនាសួនលំហែព្រែកកំពង់បាយនេះ ធ្វើយ៉ាងណាស្ថាបនាឱ្យបានរួចរាល់មុនពេលពិធីបុណ្យអុំទូកចូលមកដល់ ដើម្បីភ្ញៀវទេសចរបានមកកម្សាន្ត និងបន្ថែមការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតបន្ថែមទៀត ក៏ដូចជាបន្ថែមសោភ័ណ្ឌភាពក្រុងកំពត ដែលជាបេះដូងនៃខេត្តទេសចរណ៍ដ៏ល្អផូផង់មួយនេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖