ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលមានអ្នកចូលរួមច្រើនជាងគេ នឹងមកដល់ក្នុងខែវិច្ឆិកា ខាងមុខនេះ! ឱកាសការងារយ៉ាងសំបូរបែបចំនួនជាង ២ ម៉ឺន កន្លែងពីក្រុមហ៊ុន រោចចក្រ និងសហគ្រាសធំៗចំនួន ១៥០! នេះជាការបញ្ជាក់ របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅលើផេកផ្លូវការ។
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ ហើយត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ និង ចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលនឹងចូលរួមធ្វើបទបង្ហាញដោយវាគ្មិនជំនាញ នាថ្ងៃទី១០-១១ ខែវិច្ឆិកា ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ នៅអាគារពិព័រណ៌កោះពេជ្រ ៕
ដោយ ៖ សហការី