ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពីលោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តតាមតំបន់រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍នានាក្នុងខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរ សរុបប្រមាណជាង ២០ម៉ឺននាក់ ដែលមានការកើនឡើង, នេះបើប្រៀបធៀបទៅនិងឆ្នាំកន្លងមក។
លោលប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៥៩,៣៥៩ នាក់ ថយចុះ ២៧.៤៩ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានចំនួន ៨១,៨៦៨នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិមានចំនួន ៥៩,២០៨នាក់ ថយចុះ ២៧.៥៨ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ៨១,៧៥៧នាក់ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៥១នាក់ កើនឡើង ៣៦.០៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ១១១នាក់ ដោយសារតែមានបញ្ហាប្រឈមមួយចំនួនតាមតំបន់គោលដៅនៅជាប់មាត់ស្ទឹងមួយចំនួនលិចទឹក មិនអំណោយផលដល់ភ្ញៀវលេងទឹកកម្សាន្ត និងផ្លូវទៅកាន់រមណីយដ្ឋានមួយចំនួនខូចខាតដែលបណ្ដាលមកពីទឹកជំនន់កន្លងមក។
លុះនៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៧២,៣៦៨នាក់ កើនឡើង ១៣.៤៣ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦៣,៧៩៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៧២,២១១នាក់ កើនឡើង ១៣.៣២ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ៦៣,៧២៣នាក់ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៥៧នាក់ កើនឡើង ១០៩.៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៧៥នាក់។
ដោយឡែកនៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៨១,០៥៩នាក់ កើនឡើង ២៥.៧៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦៤,៤៥៥នាក់ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិមានចំនួន ៨០,៩១០នាក់ កើនឡើង ២៥.៨៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ៦៤,២៨៤នាក់ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៤៩នាក់ ថយចុះ ១២.៨៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ១៧១នាក់។
បន្ថែមពីនេះ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៀតថា បើសរុបចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានចំនួន ២១២.៧៨៦នាក់៕
ដោយ៖ សហការី