ខេត្តបន្ទាយមានជ័យ៖ អ្នកជិះម៉ូតូម្នាក់បើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពងងឹតនាពេលយប់បានបុករ៉ឺម៉កគោយន្តពីក្រោយ ដែលគ្មានចំណាំងផ្លាតនិងភ្លើងបំភ្លឺផ្លូវបណ្តាលអោយស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរគោយន្តគេចខ្លួន បាត់នៅវេលាម៉ោង៧យប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតនៅចំណុចមុខស្នាក់ការគណបក្សឃុំថ្មពួក ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចអោយដឹងថា : មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនោះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ជនរងគ្រោះឈ្មោះ ហឿម លីហួត ភេទប្រុស អាយុ១៩ឆ្នាំ លំនៅភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ប្រភពបានបន្តថា : មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ក្នុងល្បឿនលឿន ទៅបុករ៉ឺម៉កគោយន្តពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ដោយសារគោយន្តគ្មានដាក់បន្ទះចំណាំងផ្លាតនិងភ្លើងបំភ្លឺផ្លូវ ។
ក្រោយមានគ្រោះថ្នាក់បែបនេះ អ្នកបើកបរនិងជាម្ចាស់គោយន្តបានគេចខ្លួនបាត់ ។ក្រោយសមត្ថកិច្ចវាស់វែងរួចរាល់សពជនរងគ្រោះប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួក អោយដឹងថា : មធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចនាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួករង់ចាំដោះស្រាយតាមនីតិវិធីតាមក្រោយ ៕
ដោយ ៖ វណ្ណា