ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាពរបស់មជ្ឈមណ្ឌល Exceed Worldwide

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) ដើម្បីស្វែងយល់អំពីសកម្មភាពការងារក្នុងការផ្តល់សេវាកម្មគាំទ្រសហគមន៍ឱ្យទទួលបានឱកាសអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ។

ក្នុង​នាម​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលចុះសិក្សាស្វែងយល់អំពីការស្តារកាយសម្បទា និងការលើកកម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា តាមការផ្តល់សេវាកម្មនានារបស់មជ្ឈមណ្ឌល Exceed Worldwide ដែលបង្កើតឡើងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៩។ 

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀត សោដនាកម្មទាំងនេះ គឺកើតឡើងដោយសារកម្ពុជាធ្លាប់បានឆ្លងកាត់នូវពេលវេលាដ៏សែនសោកសៅ និងឈឺចាប់ក្នុងប្រវត្តិសាស្រ្តអស់ជាង ៣ទសវត្សរ៍ ដែលបណ្តាលឲ្យប្រជាជនស្លូតត្រង់ប្រមាណជាង ៦,៥ម៉ឺននាក់ បាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងរងរបួស និងនៅតែបន្តរងគ្រោះជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃនេះ។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ស្លាកស្នាមទាំងនោះ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា។ កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាពក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ 

ឆ្លៀតក្នុងឱកាសនោះ ក្នុងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌល Exceed Worldwide ដែលចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងគាំទ្រធ្វើឱ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖