ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក!

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក!

១) អ្វីទៅជាភ្នែកឡើងបាយ?

ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។

២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ៖

រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោមៈ

– មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។

– មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់។

– កូនក្រមុំមានពណ៌ស និងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលបាយឡើងក្រាស់ខ្លាំង។

– ក្នុងករណីកម្រិតបាយនៅតិច អ្នកជំងឺមើលឆ្ងាយមិនច្បាស់ ដោយមានការផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ ប៉ុន្តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត។

– ក្នុងករណីកម្រិតបាយឡើងស្រអាប់់ខ្លាំង អ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។

៣) មូលហេតុបង្កជំងឺ៖

មូលហេតុដែលអាចបណ្តាលអោយមានជំងឺភ្នែកឡើងបាយរួមមានៈ 

– អាយុច្រើន និងភាពចាស់ជរា

– ជំងឺទឹកនោមផ្អែម 

– ជំងឺទឹកដក់ក្នុងភ្នែក 

– ជំងឺរលាកប្រស្រីភ្នែក 

– ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក

– ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់

– ការកើតមានពីកំណើតទៅលើកុមារ ឬទារក (ដូចជាក្នុងកំឡុងពេលម្តាយមានជំងឺស្អូចជាដើម) 

– ការប្រើប្រាស់រយៈពេលយូរហួសកម្រិត នូវថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រឺក្រហមភ្នែកដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត

៤) ផលវិបាក៖

ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយអោយបានត្រឹមត្រូវ និងទុកអោយបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចខាងក្រោមៈ

– ងងឹតភ្នែកទាំងស្រុង

– រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែកដែលបង្កដោយបាយភ្នែក

– រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែកដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក

៥) ការព្យាបាល និងថែទាំក្រោយពេលវះកាត់៖

– ភ្នែកឡើងបាយអាចព្យាបាលបាន និងអាចផ្តល់នូវការមើលឃើញច្បាស់មកវិញ ក្រោយពីធ្វើការវះកាត់យកកែវដែលមានឡើងបាយចេញ ដោយវេជ្ជបណ្ឌិតឯកទេស នៅតាមមន្ទីរពេទ្យភែ្នកនានាទូទាំងប្រទេស។

– ដើម្បីជៀសវាងនូវផលវិបាកផ្សេងៗ ដែលអាចកើតមានជាយថាហេតុបន្ទាប់ពីធ្វើការវះកាត់ភែ្នករួច អ្នកជំងឺត្រូវអនុវត្តតាមការណែនាំជាចាំបាច់របស់គ្រូពេទ្យ ដោយត្រូវមកពិនិត្យភ្នែកឡើងវិញឲ្យបាន ៣ ទៅ ៤ ដង តាមការណាត់ជួបរបស់គ្រូពេទ្យភែ្នក ត្រូវដាក់ថ្នាំភែ្នកឲ្យបានទៀងទាត់ និងត្រឹមត្រូវ ពាក់វ៉ែនតាការពារភ្នែក មិនត្រូវឈ្លីភ្នែក មិនត្រូវលើករបស់ធ្ងន់ហួសកម្លាំង និងមិនត្រូវអោយទឹកចូលភ្នែករយៈពេល ៤ ទៅ ៥សប្តាហ៍។

៦) វិធានការការពារ៖

ដើម្បីការពារកុំអោយកើតមានជំងឺភ្នែកឡើងបាយ ដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីជរាភាពៈ

– សូមការពារកុំអោយការប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក

– សូមពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្ករគ្រោះថ្នាក់ទៅលើភ្នែក និងមុខរបស់អ្នក

– សូមពាក់មួក និងវ៉ែនតាការពារកាំរស្មីព្រះអាទិត្យ

– សូមកុំប្រើប្រាស់ថ្នាំភ្នែកដោយគ្មានការពិនិត្យ និងវេជ្ជបញ្ជាត្រឹមត្រូវ

“ប្រសិនបើមានបញ្ហាភ្នែក សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។”

ដោយ : សហការី


ចែករំលែក៖