ព័ត៌មានទាន់ហេតុការណ៍៖

សំណង់អគារខ្ពស់ៗ​ស្ថិត​ក្នុងខេត្តព្រះសីហនុ​ មាន​ចំនួន ១០៦៩ អគារ​ គិតត្រឹម​​ខែ​តុលា​ឆ្នាំ​២០២៣នេះ!

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ខេត្តព្រះសីហនុ​ គឺជាខេត្តមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, និងការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត ផងដែរ។

បេីតាមការ​បញ្ជាក់ពី​អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ​ លោក ឃាង ភារម្យ​ បានថ្លែង​ឱ្យ​ដឹង​កាលពីថ្ងៃទី១៧ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញនេះថា៖ បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ ស្មើនឹង​១៦១ គម្រោងសំណង់អគារកំពុងដំណើរការសាងសង់មានចំនួន ៥៣ អគារ ស្មើនឹង ២៩គម្រោង និងអគារផ្អាកការសាងសង់ជាបណ្តោះអាសន្ន (ជាប់គាំង) មានចំនួន ៣៦៤ អគារ ស្មើនឹង ៣៤១ គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគរបស់ជនជាតិចិន។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏បានពន្យល់ថា៖ «ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ មានលំហូរទុនវិនិយោគ ទីផ្សារកាស៊ីណូ និងអចលនទ្រព្យ ដែលធ្វើឱ្យមានកំណើនយ៉ាងគំហុកនៃអគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០-២០២២ ដោយសារការចាកចេញរបស់ទីផ្សារ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកល ធ្វើឱ្យបាត់បង់វិនិយោគ និងទីផ្សារ ក្នុងនោះមានគម្រោងវិនិយោគ និងអគារជាប់គាំងជាច្រើនដូចបានបង្ហាញតួលេខខាងលើ»។

សូមជម្រាបដែរថា​ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ​នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ។ 

ក្នុងនោះរាជរដ្ឋាភិបាលសម្រេច​ ដូចជា៖

-ដាក់ចេញ “វិធានការជាកញ្ចប់” ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យមសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ 

-“វិធានការជាកញ្ចប់” នេះ រួមបញ្ចូល ១) ការកំណត់និយមន័យ និងវិសាលភាព ២) វិធានការទូទៅ និង៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

“វិធានការជាកញ្ចប់” នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹម​និយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦មក ក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​ សង្ឃឹមថា ការដាក់ចេញនូវ”វិធានការជាកញ្ចប់” របស់រាជរដ្ឋាបាលខាងលើនេះ នឹងអាចជួយដោះស្រាយវិបត្តអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ 

គួរបញ្ជាក់ថា​ ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់រាជរដ្ឋាភិបាល។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ, តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ), អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» ៕

ដោយ​៖ សហការី​


ចែករំលែក៖