ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ ដូនពេញ បានស្នើ ឱ្យអាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការ យកសត្វស្វាចេញឱ្យអស់ពីមូលដ្ឋានពួកគាត់ ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់ ។
ការស្នើសុំរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ដោយ មានការចូលរួមពី លោក ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលរងរាជធានី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ បានជំរុញ ឱ្យអាជ្ញាធរ ត្រូវតែ បង្កើនការការពារសន្ដិសុខ សុវត្ថិភាព សាធារណៈ ឱ្យបានខ្លាំងក្លា រឿងចោលួច ចោឆក់ ចោគាស់ផ្ទះ ពេលយប់ និងពិសេស មួយ ទៀតគឺមានសត្វស្វា តែងតែដើរយាយី ផ្ទះប្រជាពលរដ្ឋរាល់ថ្ងៃ និងបញ្ហាមួយចំនួនទៀត ដូចជាដោះស្រាយចំពោះក្រុមហ៊ុនឯកជន ឃួងដីធ្វើគ្រឹះ នាំឱ្យស្រុតផ្ទះពួកគាត់ និងមិនអនុវត្តតាមកិច្ចសន្យា , សំណូមពរ កុំឱ្យយកលុយថ្លៃសំរាម នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ, សូមឱ្យគាំទ្រផលិត ផលខ្មែរដូចគ្នា និងសូមចាត់ វិធានការចំពោះចោ លួចទូរស័ព្ទ នៅក្នុងមន្ទីរពេទ្យរដ្ឋ ជាដើម ។
លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌដូនពេញនេះ មានប្រជាពលរដ្ឋបានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ ស្មើ និង១៥បញ្ហា និងជាលាយល័ក្សអក្សរចំនួន៤០បញ្ហា ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ ស្មើ និង១៥បញ្ហា ខាងលើ យើងបានដោះ ស្រាយបញ្ចប់រួចរាល់ ។ ចំពោះសំណើជាលាយល័ក្សអក្សរចំនួន៤០បញ្ហាយើងនឹង បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍ ៣ ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់យើង នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សា បានបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះ ស្រាយរាល់កង្វល់ សំណូមពរនិងសំណើ របស់ប្រជាពលរដ្ឋ ដែលមាន ដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម។
លោក ជួប ខុន បានបន្តថា រាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពី ឆ្នាំ២០២២ ក្រុមប្រឹក្សារាជធានី បានចាត់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនជាបន្តបន្ទាប់ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ ឆ្នាំរំកិល របស់ ខណ្ឌអស់ហើយដែរ។
លោក ជួប ខុន បានបន្ដថា៖ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅទូទាំង១៤ខណ្ឌនៃរាជធានី កាលពីឆ្នាំ២០២២កន្លងទៅ ប្រជាពលរដ្ឋបានលើកឡើងជា សំណើ និងសំណូមពរចំនួន ៨៧០ បញ្ហា ដើម្បីឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជូនពួកគាត់ ។ ក្នុងចំនួននេះ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនពួកគាត់រួចរាល់ចំនួន៤៤៤បញ្ហា បាន ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលចំនួន២១៧បញ្ហា និង នៅ សល់ ១០១បញ្ហា មិនទាន់បានដោះ ស្រាយ ដោយសារតែហួស ដែនសមត្ថកិច្ចរបស់អាជ្ញាធរ រាជធានីភ្នំពេញ ៕
ដោយ៖ សំរិត