ព័ត៌មានទាន់ហេតុការណ៍៖

សមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ អញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ ដែលជាតំណាងរាស្ត្រក្នុងតំណែង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចាប់ផ្ដើមអញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានទទួលសមត្ថកិច្ចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដែលមានការិយាល័យចុះឈ្មោះបោះឆ្នោតមួយ ត្រូវបានបង្កើតឡើងនៅវិមានរដ្ឋសភា។ 

ការិយាល័យចុះឈ្មោះបោះឆ្នោតនេះ បានរៀបចំទទួលការចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។ 

តំណាងរាស្ត្រក្នុងតំណែង ដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោត ត្រូវភ្ជាប់មកជាមួយនូវ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ឬ ប័ណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ (អាណត្តិទី៧)។

សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅក្នុងក្របខ័ណ្ឌភូមិភាគនីមួយៗ។ តំណាងរាស្ត្រក្នុងតំណែងម្នាក់ៗ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតតែមួយ នៅទីប្រជុំជនរាជធានី ខេត្ត តែមួយគត់ចំណុះភូមិភាគពាក់ព័ន្ធ៕

ដោយ ៖ សហការី


ចែករំលែក៖