ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ែន អេង៖ ក្រោយការចុះអង្កេតវាយតម្លៃពីសាវតារដីទាំងអស់ ជាលទ្ធផលដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្តស្វាយរៀងបានផ្ញើរបាយការណ៍គោរពជូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើការសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក​ ម៉ែ​ន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងលោក ប៉េង ពោធិ៍សា​ អភិបាលខេត្ត​ បានថ្លែងថា ក្រោយការចុះអង្កេតវាយតម្លៃពីសាវតារដីទាំងអស់ខាងលើនោះ ជាលទ្ធផលដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្តស្វាយរៀងបានផ្ញើរបាយការណ៍គោរពជូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើការសម្រេច។

   ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលធ្វើការស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីនៅឃុំត្រស់ ស្រុករមាសហែក នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

    លោកម៉ែន អេង អភិបាលរងខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ថា: អ្នកទាំងឡាយណាដែលចូលមកកកូរកកាយក្នុងរឿងដីខាងលើនេះគឺត្រូវអនុវត្តតាមច្បាប់។ ដូច្នេះកិច្ចការទាំងអស់នេះត្រូវតែមានភាពច្បាស់លាស់ដើម្បីបិទបញ្ចប់នូវករណីទាំង៣១គ្រួសារនេះតែម្តង ដើម្បីកុំឱ្យមានការយឺតយ៉ាវបន្តទៅទៀត។

    ក្នុងកិច្ចប្រជុំនោះដែរ លោក មុិញ សុីចាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានឱ្យដឹងថា:

   -ទី១.យោងតាមស្ថានភាពទីតាំងដីជាក់ស្តែងដែលពួកគាត់កំពុងទាមទារជាកម្មសិទ្ធិគឺជាដីសាធារណ:របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម

រុក្ខាប្រមាញ់និងនេសាទ (មានប្លង់រឹង) គឺមិនអាចទាមទារធ្វើជាកម្មសិទ្ធិបានទេ។

   -ទី២. ឯកសាររណបកាន់កាប់ដី ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីប្រើប្រាស់ដីធ្លីលេខ ០៣៤០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩២ ដែលមានទំហំ៥ហិកតា ស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារពាក្យសុំបញ្ជាក់ដីសង់លំនៅឋានមួយចំនួនទៀតគឺស្ថិតនៅភូមិសេរីអោ ឃុំត្រស់ មិនអាចយកមកជាសំអាងនិងបញ្ជាក់ស្ថានភាពនៃការកាន់កាប់ឱ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កាប់និងចេញប័ណ្ណនោះឡើយ។

   -ទី៣. ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណ:ជាទង្វើខុសច្បាប់ មានចែងមាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ដូច្នេះគណ:កម្មការគ្រប់គ្រងដីរដ្ឋ និងគណ:កម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោលមិនដោះស្រាយនោះឡើយ៕

ដោយ៖ សុថាន


ចែករំលែក៖