ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនក្មេងទំនេីងម្នាក់​ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖បជនសង្ស័យ​​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា​​​​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។

  សមត្ថកិច្ចអាវុធហត្ថប្រាប់ថាៈនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនេីងម្នាក់ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០៨នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខការាសសាំងPTT ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ ឈុន គឹមឈាន​ (ហៅម៉ៃ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ។ 

លោក បញ្ជាក់ថា​ កាលពីវេលាកេីតហេតុ​ មានក្រុមក្មេងទំនេីងចំនួន០២ក្រុម មានគ្នាប្រហែលចំនួន០៩នាក់ ម៉ូតូចំនួន០៤គ្រឿង ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំណុចមុខការាសសាំងPTT ក្រោយពីធ្វើសកម្មភាពរួចក្រុមទាំងពីរជិះម៉ូតូគេចខ្លួនបាត់ស្រមោល។​ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ កំណត់បាននូវមុខសញ្ញា​ ក្មេងទំនើងទាំង២ក្រុម ១-ក្រុមDL(ដីឡូត៍),​ ២-ក្រុមOMB(អូរអំបិល) បន្ទាប់ពីកំណត់មុខសញ្ញាបានហេីយ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនបានក្មេងទំនេីងម្នាក់ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យបានឆ្លើយសារភាពថា​ រូបខ្លួនជាសមាជិកក្នុងក្រុមDL (ដីឡូត៍) ហើយកន្លងមកក្រុមរបស់ខ្លួន ពុំដែលមានទំនាស់ជាមួយក្រុមOMB(អូរអំបិល)នោះទេ។​ នៅថ្ងៃកេីតហេតុវេលាម៉ោងប្រមាណ៣ទាបភ្លឺខ្លួននិងបក្ខពួកមកពីដេីរលេងនៅផ្សាររាត្រី​ ពេលជិះម៉ូតូមកដល់ចំណុចការាសសាំងPTT ក៏បានជួបនិងក្រុមOMB(អូរអំបិល) មានម៉ូតូ៣គ្រឿងជិះដេញកាប់ពួកខ្លួនតែម្តង។ ដោយផ្អែកលេីចម្លេីយសារភាព​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្នជន សង្ស័យ​​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ៖ វណ្ណា


ចែករំលែក៖