ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២០ ខែតុលាម្សិលមិញនេះ ដោយរកឃើញយានយន្តល្មើសចំនួន ៦៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា ចំនួនគោលដៅសរុប ១១០គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,០៧៩គ្រឿង រថយន្តធំ ៣០គ្រឿង រថយន្តតូច ២៦៤គ្រឿង និងម៉ូតូ ៧៨៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៥៤គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១២៦គ្រឿង និងម៉ូតូចំនួន ៥២៥ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល២០ថ្ងៃ ពីថ្ងៃទី១-២០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៤,៨៨៦គ្រឿង រថយន្តធំ៣៣៣គ្រឿង រថយន្តតូច៤,៤៥៥គ្រឿង ម៉ូតូ ២០,០៩៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៥៣០គ្រឿង រថយន្តធំ៦៥គ្រឿង រថយន្តតូច៩៧៤គ្រឿង ម៉ូតូ ៥,៤៩១គ្រឿង (៥,៤៩១ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី