ព័ត៌មានទាន់ហេតុការណ៍៖

ពួនស្ទាក់យកដុំថ្មគប់គូរទំនាស់ត្រូវដួលស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ នគរបាលចាប់ឃាត់ខ្លួនបាន០៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៥៩ ចំណុចភូមិស្វាយព្រៃ ឃុំអូរស្រទ្បៅ ស្រុកម៉ាឡៃ 

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា៖នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២០ ខែតុលា មានករណីហិង្សាមួយបង្កឡើងដោយក្មេងមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ស្លាកលេខ ប-មានជ័យ 1S 4305  មកឈប់ឈរចាំត្រង់ចំណុចភូមិស្វាយព្រៃ  ឃុំអូរស្រទ្បៅ ស្រុកម៉ាឡៃ  លើដងផ្លូវជាតិលេខ៥៩ រួចធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើជនរងគ្រោះ០២នាក់កំពុងជិះម៉ូតូហុងដាឌ្រីមស៊េរី ២០២៣ ពណ៌ស គ្មានស្លាកលេខ បណ្តាលឲ្យដួលរងគ្រោះទាំង០២នាក់ ៖១/-ឈ្មោះ ដា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ  រងរបួសធ្ងន់ចំក្បាលផ្នែកខាងក្រោយ ស្លាប់តាមផ្លូវ ពេលកំពុងបញ្ជូនតាមឡានសង្រ្គោះទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។២/-ឈ្មោះ ប៉ាវ ពិសី ភេទប្រុស អាយុប្រហែល១៥ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ  របួសធ្ងន់ ត្រូវបានឡានសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោងប៉ែត ។

លោកអធិការបានបញ្ជាក់ថា៖ក្រោយធ្វើសកម្មភាពកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម៉ាឡៃ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់មាន៖ ១/-ឈ្មោះ វេត បូរី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។២/-ឈ្មោះ សំ ផុង ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។៣/-ឈ្មោះ សៅ ទីងសែង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបែង ស្រុកម៉ាឡៃ  ។ 

លោកអធិការ បានឲ្យដឹងទៀតថា៖ តាមការសាកសួរចម្លើយជនសង្ស័យទាំង៣នាក់បានសារភាពថា មូលហេតុដែលពួកគេចាំស្ទាក់ផ្លូវយកដុំថ្មគប់ទៅលើជនរងគ្រោះពេលកំពុងជិះម៉ូតូក៏ព្រោះពួកគេមានគំនុំជាមួយជនរងគ្រោះ ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់កំលាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ វណ្ណា


ចែករំលែក៖