ព័ត៌មានទាន់ហេតុការណ៍៖

សង្រ្គាមអ៉ីស្រាអែល និងហាម៉ាស់ រុស្ស៊ីស្នើ អង្គការសហប្រជាជាតិកោះប្រជុំជាថ្មី

ចែករំលែក៖

សារព័ត៌មាន AFPនៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតរងរុស្ស៉ី ប្រចាំអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថារុស្ស៉ីមានបំណងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាថ្មីម្ដងទៀត ស្ដីពីស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា និងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់។
ឯកអគ្គរដ្ឋទូតរងរុស្ស៉ី ប្រចាំ UN លោក Dmitry Polyansky បានគូសបញ្ជាក់ដូច្នេះថា «ពិតប្រាកដណាស់ យើងនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខថ្មីមួយ ហើយខណៈជាការអនុវត្តជាក់ស្ដែងបានបង្ហាញថាគ្មាននរណាម្នាក់ ក្រៅតែពីយើងដែលហ៊ានធ្វើដូច្នេះ»។ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់ថាតើរុស្ស៉ី ដែលជា សមាជិកអន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខមួយ ក្នុងចំណោម៥ដែរនោះ នឹងកោះប្រជុំនៅពេលណានោះទេ។
រុស្ស៉ីបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខម្ដងរួចហើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ប៉ុន្តែដំណោះស្រាយលើបទឈប់បាញ់ស្នើឡើង ដោយមូស្គូ មិនត្រូវបានអនុម័តនោះទេ ដោយសារតែមានការជំទាស់ពីសមាជិកក្រុមប្រឹក្សាមួយចំនួន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកដែលបានរិះគន់ ដំណោះស្រាយនេះសម្រាប់ការមិនបានលើកនិយាយពីក្រុមហាម៉ាស់៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖