ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យឆាបឆេះផ្ទះសង់ពីឈើប្រក់ស័ង្កសីចំនួន៣ខ្នងផ្ទះនៅផ្សារដើមពុទ្រា បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅលើអគាធំៗនាំគ្នីគ្នារត់ចុះចែកជើងគ្នានៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣ នៅក្រោយផ្សារដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ម្ចាស់ផ្ទះបានប្រាប់ថា ពេលហេតុការណ៍បានកើតឡើង ខ្លួនកំពុងតែដេកនៅក្នុងផ្ទះសុខៗ ស្រាប់តែឮសំឡេងគេស្រែកឆោឡោថាមានភ្លើងឆេះផ្ទះ ស្រាប់តែខ្លួនភ្ញាក់ឡើង មានអណ្តាតភ្លើង ឆេះចេញមកតែម្តង ភ័យខ្លាំងពេក បណ្តាលឲ្យរត់ចេញតែខ្លួន ស្រវាយកអ្វីក៏មិនទាន់ មានខោអាវ ម៉ុងភួយ ទូរស័ព្ទ ខ្សែកបន្តិចបន្តួច ឯកសារគ្រួសារ និងសម្ភារមួយចំនួនទៀត ដែលយកមិនទាន់ ពួកគាត់សូមឲ្យអាជ្ញាធរជួយពួកគាត់ខណៈអគ្គិភ័យឆេះគ្មានអ្វីនៅសល់ឡើយ។
ក្រោយពីហេតុការណ៍បានកើតឡើងភ្លាមៗនោះ អាជ្ញាធរ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថ យោធាសឹងរងក្រុង រួមទាំងប្រជាពលរដ្ឋបានយករថយន្តចំនួន២គ្រឿងមកបាញ់ទឹកពន្លត់ ទប់ស្កាត់ការរាលដាល តែផ្ទះដែលសង់ពីកូនឈើប្រក់ស័ង្កសីចំនួន៣ខ្នងនោះ ឆេះទាំងស្រុងតែម្តង។ សមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យឆាបឆេះ។
ដោយឡែកបុក្គលិកកាស៊ីណូ ទាំងខ្មែរ និងជនជាតិដែលស្នាក់នៅអគារធំៗជុំវិញនោះ នាំគ្នាសម្រុកចុះចេញមកក្រៅអគារតែម្តង ហាក់ដូចជាភ័យស្លន់ស្លោ បន្ទាប់ពីមានករណីភ្លើងឆេះនៅកាស៊ីណូនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលបានសម្លាប់មនុស្សប្រុស ស្រីជាច្រើនអ្នកនៅពេលកន្លងមក។
សួមបញ្ជាក់ថាៈ ករណីខាងលើមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេក្នុងករណីខាងលើនោះដោយសមត្ថកិច្ចនិងអាជ្ញាធរចុះជួយអន្តរាគមន៍ទាន់ពេល ករណីនោះដែរមិនទាន់ដឹងអំពីទំហំខូចខាតនៃសំភារៈនៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវធ្វើកំណត់ហេតុ ៕
ដោយ៖ វណ្ណា