សង្គ្រាមឈានចូលដល់ថ្ងៃទី១៧ហើយ រវាងអុីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ខណៈសង្គ្រាមនេះបានរាលដាលចូលដល់ប្រទេសអារ៉ាប់ ដទៃទៀតគួរឱ្យព្រួយបារម្ភ។ ប្រទេសក្នុងពិភពអារ៉ាប់ និងប្រទេសធំៗក្នុងតំបន់បានព្យាយាមរកសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ានេះ ប៉ុន្តែ ក្តីសង្ឃឹមត្រូវគេឃើញ ថាហាក់ដូចជាមានតិចតួចណាស់។
សង្គ្រាមអុីស្រាអែល និងហាម៉ាស់ បានរាលដាលចូលដល់ប្រទេសអារ៉ាប់ជាប់នឹងតំបន់ព្រំដែនអុីស្រាអែលហើយ និងជម្លោះនេះត្រូវគេបារម្ភថានឹង អាចកាន់តែរាលដាលធំថែមទៀត ខណៈការវាយប្រហាររបស់អុីស្រាអែលដាក់លើតំបន់ Gaza Strip នៅតែបន្តមិនបន្ធូរបន្ថយដៃឡើយ។ ក្រុម Hezbollah ក្នុងប្រទេសលីបង់ បានបង្ហាញការឈឺឆ្អាលនិងបានធ្វើសកម្មភាព បាញ់ដាក់លើក្រុមទាហានអុីស្រាអែលវិញ បណ្តាលឱ្យមានការស្លាប់និងរបួសគួរឱ្យកត់ សម្គាល់។
នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បានព្រមានក្រុម Hezbollah ថាក្រុមសកម្មប្រយុទ្ធក្នុងប្រទេសលីបង់នោះ ចង់បង្កើត «កំហុស មួយជីវិតរបស់ខ្លួន» ហើយប្រសិនបើចាប់ផ្តើមសង្រ្គាមជាមួយអុីស្រាអែល។ សម្តីព្រមានរបស់នាយករដ្ឋមន្ត្រីអុីស្រាអែល បានធ្វើកាលពីថ្ងៃទី២២ តុលា ក្នុងពេលលោកបានចុះទៅសួរសុខទុក្ខកងទ័ពរបស់លោកនៅតាមព្រំដែនលីបង់ នាភាគខាងជើងប្រទេសអុីស្រាអែល។ កន្លែងដែលលោកបានចុះធ្វើ ទស្សនកិច្ច នោះគឺជាតំបន់ដែលមានការវាយប្រហារបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងអុីស្រាអែល និងក្រុម Hezbollah ដែលជាអ្វីនាំឱ្យមានក្តីបារម្ភ ថាសង្គ្រាមនឹងឈានរាលដាលកាន់តែធំ។
លោក Netanyahu បានថ្លែងប្រាប់ទាហានអុីស្រាអែលទាំងឡាយប្រចាំការនៅទីនោះថា នៅក្នុងព្រឹត្តិការណ៍នៃអំពើអមិត្តកាន់តែកើនឡើង, នោះមានន័យថា ក្រុមហេសបូឡា នឹងបង្កើតឱ្យមានកំហុសមួយអាយុជីវិតរបស់ខ្លួន។ លោកបានថ្លែងព្រមានថា អុីស្រាអែលនឹងធ្វើការវាយប្រហារដោយកម្លាំងតបត ដែលគេ មិនអាចនឹកស្មានដល់…ហើយលោកបញ្ជាក់ថា អ្វីដែលជាសំខាន់នៃលទ្ធផលនោះ គឺប្រទេសលីបង់ទេដែលនឹងត្រូវរងការបំផ្លិចបំផ្លាញ។ សម្តីព្រមាននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអុីស្រាអែល បានព្រមានក្រុមហេសបូឡារួចមកហើយ ថាការវាយប្រហារកាន់តែខ្លាំងដាក់ទៅលើអុីស្រាអែល គឺជាគ្រោះថ្នាក់មួយ ដែលទាញប្រទេសលីបង់ឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម ៕ ដោយ៖ ធីរីណា
រូបថត៖ vtc.vn