ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនកោះហៅឯកអគ្គរដ្ឋទូតចិន ក្រោយកប៉ាល់បុកគ្នានៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែតុលា ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនជុំវិញការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីននឹងនាវាចិននៅសមុទ្រចិនខាងត្បូង កាលពីម្សិលមិញ។ យោងតាមប្រទេសហ្វីលីពីន ការបុកគ្នានេះបានបំផ្លាញកប៉ាល់ក្រុងម៉ានីល ប៉ុន្តែមិនមានអ្នករងរបួសទេ។

ក្នុងពេលនេះដែរ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទនេះថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលបានកាន់ជើងទីក្រុងម៉ានីល ពាក់ព័ន្ធហេតុការណ៍ប៉ះទង្គិចគ្នាមួយ រវាងនាវាចិននឹងទូកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង គឺពុំបានអើពើអំពីការណ៍ពិតទាល់តែសោះ។
ចិននិងហ្វីលីពីន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជុំវិញហេតុការណ៍ប៉ះគ្នានៅឯដែនទឹកមានបញ្ហាវិវាទនៃសមុទ្រចិនខាងត្បូង នៅពេលនាវាឆ្មាំសមុទ្រចិន បានព្យាយាមធ្វើសកម្មភាពរារាំងទូកដឹកសម្ភារផ្គត់ផ្គង់សម្រាប់កងទ័ពហ្វីលីពីននៅទីនោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសអាមេរិកបាននិយាយថា កងឆ្មាំសមុទ្ររបស់ចិនបានបំពានច្បាប់អន្តរជាតិ តាមរយៈការលូកលាន់ដោយចេតនាលើការអនុវត្តសិទ្ធិនៃសេរីភាពធ្វើនាវាចរណ៍ដែនសមុទ្ររបស់ហ្វីលីពីន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដែលបំពានច្បាប់អន្តរជាតិ ដោយវាយប្រហារនិងចោទប្រកាន់ទាំងគ្មានមូលដ្ឋានច្បាស់លាស់ មកលើសិទ្ធិស្របច្បាប់និងសកម្មភាពនៃការអនុវត្តច្បាប់របស់ប្រទេសចិន។ លោកស្រី Mao បានអះអាងថា តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal តែងតែជាដែនដីរបស់ប្រទេសចិនជានិច្ច។ លោកស្រីអ្នកនាំពាក្យ បានលើកឡើងយ៉ាងដូច្នេះថា «តំបន់ថ្មប៉ប្រះទឹក Renai គឺជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទីប្រជុំកោះ Nansha Islands ទាំងទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ និងប្រវត្តិសាស្រ្ត»។ លោកស្រី Mao ចង់សំដៅទៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហើយនិងទីប្រជុំកោះ Spratly Islands។
ប៉ុន្មានខែមកនេះ ហេតុការណ៍ប្រឈមមុខគ្នាលើដែនសមុទ្រ រវាងទីក្រុងម៉ានីលនឹងទីក្រុងប៉េកាំង បានក្លាយជារឿងកើតឡើងជាញឹកញាប់ នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសទាំងពីរបាននិងកំពុងព្យាយាមបង្កើនការទាមទារកម្មសិទ្ធិទឹកដីរៀងៗខ្លួន នៅច្រកផ្លូវសមុទ្រយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters)


ចែករំលែក៖