ទីក្រុងគួយកាំង៖ ក្រុងគួយកាំង (Guigang) គឺជាទីក្រុងប្រមូលផ្តុំដោយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ចំណាស់មួយនៃខេត្តក្វាងស៊ី ហើយបច្ចុប្បន្នទីក្រុងនេះ ក៏បានក្លាយទៅជាតំបន់ឧស្សាហកម្មផលិតយានយន្តដើរដោយថាមពលអគ្គិសនីចិន-អាស៊ាន ដ៏រស់រវើកមួយរបស់ចិន។
ជាក់ស្ដែងក្នុងដំណើរនៅក្រុងគួយកាំង ក្រុមអ្នកសារព័ត៌មានកម្ពុជា ក្នុងនោះដែរ អ្នកសារព័ត៌មានកាសែតនគរវត្ត(Nokorwat) និងប្រទេសសមាជិកអាស៊ានដទៃទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ត្រូវបាននាំទស្សនកិច្ចនៅសួនឧស្សាហកម្មផលិតម៉ូតូអគ្គិសនី ដែលគេហៅថា តំបន់ផលិតយានយន្តដើរដោយថាមពលអគ្គិសនីចិន-អាស៊ាន។
សូមជម្រាបថា តំបន់ផលិតយានយន្តដើរដោយថាមពលអគ្គិសនីចិន-អាស៊ាន មានផ្ទៃដីប្រមាណ ៦៦៧ហិកតា និងបានប្រើទុនវិនិយោគប្រមាណជា ២ពាន់លានដុល្លារអាមេរិក។ វាត្រូវបានបង្កើតឡើងដើម្បីជាមូលដ្ឋានផលិតយានយន្តអគ្គិសនីដ៏ធំបំផុត នៅភាគខាងត្បូង និងភាគនិរតីប្រទេសចិន និងតំបន់អាស៊ានផងដែរ។
បច្ចុប្បន្ននៅទីតាំងនេះ មានក្រុមហ៊ុនល្បីៗជាច្រើន កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ពួកគេមានដូចជាក្រុមហ៊ុន Emma, Luyuan, Tailg, Lima, Zuboo, OPAI, Haopai និងFeineng។ ក្នុងនោះមានក្រុមហ៊ុនប្រមាណ៥០ កំពុងដំណើរការផលិតកម្ម ដោយបង្កើតបានជាសមត្ថភាពផលិតប្រចាំឆ្នាំនូវ ម៉ូតូអគ្គិសនីចំនួន ៥លានគ្រឿង ម៉ូតូអគ្គិសនីកង់បីចំនួន ៥០០,០០០គ្រឿង និងគ្រឿងបន្លាស់យានយន្តអគ្គិសនីចំនួន ៥លាន ជាមួយនឹងអត្រានៃការផ្គត់ផ្គង់ក្នុងស្រុក ៨០ភាគរយ។
នៅឆ្នាំ២០២២ ជាមួយផលិតផលមានគុណភាពខ្ពស់ និងមានតម្លៃទាប រួមជាមួយការទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពនៃការធ្វើពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀង RCEP, ចិន-អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀតនោះ ទំហំពាណិជ្ជកម្មនៃនាំចេញនៅតំបន់ផលិតកម្មយានយន្តដើរដោយថាមពលអគ្គិសនីរបស់ចិន-អាស៊ាន ឈានដល់ជាង ៨.៧លានដុល្លារអាមេរិក។ តំបន់ផលិតយានយន្តដើរដោយថាមពលអគ្គិសនីចិន-អាស៊ាន បានបង្កើតទំនាក់ទំនងជាមួយសមាគមធុរកិច្ចអាស៊ានជិត១០ និងបានចុះហត្ថលេខាលើកិច្ចសន្យាលទ្ធកម្មគោលដៅជាមួយប្រទេសឥណ្ឌូនេស៊ី សម្រាប់យានយន្តអគ្គិសនីចំនួន ២០,០០០គ្រឿង។ បច្ចុប្បន្ន យានយន្តអគ្គិសនីផលិតនៅទីតាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសឥណ្ឌា, ថៃ, ហូឡង់, នេប៉ាល់, ប៉េរូ, កូស្តារីកា និងម៉ាដាហ្គាស្កាជាដើម។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់ផលិតយានយន្តអគ្គិសនីនេះ ក្រុមអ្នកសារព័ត៌មានអាស៊ាន ក៏បានទៅពិនិត្យច្រវាក់ផលិតកម្មដោយផ្ទាល់នៅរោងចក្ររបស់ក្រុមហ៊ុនលូយៀន (Luyuan)។ ក្រុមហ៊ុននេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១៧.២ហិកតា ជាមួយការវិនិយោគជាង ៤០០លានយ័ន ព្រមទាំងមានសមត្ថភាពផលិតយានយន្ដប្រចាំឆ្នាំចំនួន ២លានគ្រឿង ជាមួយបុគ្គលិកប្រមាណ ២,០០០នាក់។ ក្រុមហ៊ុននេះ ផលិតម៉ូតូអគ្គិសនី ម៉ូតូអគ្គិសនីធុនស្រាល កង់អគ្គិសនី និងយានយន្ដសម្រាប់ដឹកភ្ញៀវកម្សាន្ត។
ឆ្នាំ២០២១ ក្រុមហ៊ុនផលិតបានយានយន្តអគ្គិសនីចំនួន ២៣០,០០០គ្រឿង ដែលមានទំហំទឹកប្រាក់ ៣២០លានយ័ន។ នៅឆ្នាំ២០២២ យានយន្ដ ៥២០,០០០គ្រឿងត្រូវបានផលិត មានទំហំទឹកប្រាក់ ១.៣ពាន់លានយ័ន។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនគ្រោងផលិតយានយន្តអគ្គិសនី ១លានគ្រឿង ដែលមានទំហំទឹកប្រាក់ ១.៥ពាន់លានយ័ន។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនផលិតបាន ៦៣០,០០០គ្រឿង គិតចាប់ពីខែមករា ដល់ខែសីហា ដោយមានទំហំទឹកប្រាក់ ៩៣៣លានយ័ន។ បច្ចុប្បន្នក្រុមហ៊ុន ក៏មានរោងចក្រនៅថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។
ច្រវាក់ផលិតកម្មនៅក្នុងរោងចក្រនេះ ក្រៅតែពីប្រើកម្លាំងមនុស្សហើយនោះ ក៏មានប្រើកម្លាំងរ៉ូបូតមួយចំនួនផងដែរ។ ច្រវាក់ផលិតកម្មត្រូវបានគេមើលឃើញថា មានការទទួលខុសត្រូវខ្ពស់លើការផលិតទៅលើការងារបច្ចេកទេស និងការដំឡើងគ្រឿងបង្គំ។
បន្ទាប់ពីក្រុមអ្នកសារព័ត៌មានមកពីប្រទេសអាស៊ាន បាននាំគ្នាដេីរពិនិត្យច្រវាក់ផលិតកម្មហើយនោះ ក៏បាននាំគ្នាឡើងជិះម៉ូតូអគ្គិសនី ដើម្បីឈ្វេងយល់ពីបច្ចេកទេស និងគុណភាពរបស់ម៉ូតូទាំងនោះ បានបំពាក់បច្ចេកវិទ្យាទំនើប ដោយមានផ្ទាំង LCD សម្រាប់មើលព័ត៌មាននានានៃដំណើរការរបស់ម៉ូតូ ហើយកម្លាំងរបស់វាខ្លាំង និងខ្សោយទៅតាមប្រភេទម៉ូតូតូចធំ។ មិនតែប៉ុណ្ណោះ ថ្មផ្ទុកថាមពលអគ្គិសនីម៉ូតូទាំងនោះ ក៏ត្រូវបានអះអាងថា អាចផ្ទុកបានយូរ ឬឆាប់ ទៅតាមប្រភេទម៉ូតូនីមួយៗ។
ជាមួយគ្នានោះ ក្រុមអ្នកសារព័ត៌មាន បានបង្ហាញការពេញចិត្ត និងកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនក្នុងការផលិតម៉ូតូអគ្គិសនីទាំងនេះ ដោយភ្ជាប់ជាមួយគុណភាពខ្ពស់ កម្លាំងខ្លាំង និងមានរូបរាងទាក់ទាញថែមទៀត៕
ដោយ៖ សហការី