ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសកម្ពុជារកចំណូលបាន ៥,៨១ ប៊ីលានដុល្លារ ពីការនាំចេញទំនិញទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ អាសិប (RCEP) ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ កើនឡើងជាង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
របាយការណ៍ដដែលបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៥,៨១ ប៊ីលានដុល្លារទៅកាន់ប្រទេសសមាជិកជាដៃគូ RCEP ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កើនឡើង ២៣,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពនេះ បានឱ្យដឹងទៀតថា ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ ២០២៣នេះ ទិសដៅនាំចេញកំពូលទាំង៣ របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP គឺប្រទេស វៀតណាម ចិន និង ជប៉ុន។
ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមមានតម្លៃ ២,៣ ប៊ីលានដុល្លារ កើន ៣០,៦ ភាគរយ ហើយការនាំ ចេញទៅកាន់ប្រទេស ចិន មានតម្លៃ ១,៦ ប៊ីលានដុល្លារកើន១៨,២ ភាគរយ ខណៈជប៉ុនមានតម្លៃ ៨៨៧,៧ លានដុល្លារ ធ្លាក់ចុះ ១,៣ ភាគរយ។
អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ឡាវ ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពិនវៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេស អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។
កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន រួមមាន ទំនិញកសិកម្ម ទំនិញកសិកម្ម កែច្នៃ និងទំនិញឧស្សាហកម្ម។ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។
សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់ប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ឬ ៣០%នៃចំនួនប្រជាជនពិភពលោក ព្រមទាំងផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារ ឬ ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
ដោយ៖ សូរិយា