ព័ត៌មានទាន់ហេតុការណ៍៖

“កម្ពុជា និងឥណ្ឌា នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរឱ្យកាន់តែស៊ីជម្រៅ”

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពី លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូបាហ្គេត ឯកអគ្គរដ្ឋទូតន សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើរនៃមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំមកនេះ ហើយបានប្ដេជ្ញារួម គ្នាក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការពារជាតិ ទេសចរណ៍ និងការតភ្ជាប់ រវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានរំលឹកដោយក្តីសោមនស្ស និងបានចាត់ទុកព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅសាធារណរដ្ឋឥណ្ឌា កាលពី ដើមឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង ដ៏ប្រសើររវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឥណ្ឌា ដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់សាជាមួយកម្ពុជា ប្តេជ្ញារបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រកម្ពុជាដើម្បីពន្លឿនការអភិវឌ្ឍជាតិ។

ភាគីទាំងពីរ បានកត់សម្គាល់ដោយក្តីរីករាយចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សាបន្ថែមអំពី មធ្យោបាយថ្មីៗ ដើម្បីបំពេញបន្ថែមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលមានគោល បំណងពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ន កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣. រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ញូវដែលី នាពេលឆាប់ៗខាងមុខ ដែលកិច្ចប្រជុំនេះជាយន្តការសំខាន់សម្រាប់ពិនិត្យឡើងវិញនូវកិច្ច សហការដែលកំពុងមាន ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ និងកំណត់ទិសដៅសកម្មភាពថ្មី ផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការ ធ្វើការរួមគ្នាបន្ថែមទៀត ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់ ប្រយោជន៍យ៉ាងធំធេងក្នុងការអភិវឌ្ឍឌីជីថល នៅកម្ពុជា។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និង កង្វល់រួម ព្រមទាំងបានឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖