ភ្នំពេញ ៖ នៅក្នុងបេះដូងមនុស្សធម្មតាមានប្រឺស (Valves) ចំនួន៤ ។ ចំនួន២ នៅបេះដូងខាងឆ្វេង គឺប្រឺសមីត្រាល់ (Valve mitrale) និងប្រឺសសរសៃឈាមអាអក (Valve aortique)។ ចំនួន២ទៀត នៅបេះដូងខាងស្តាំ គឺប្រឺសទ្រីគុយស្ពិត (Valve triscupide) និងប្រឺសសរសៃឈាមសួត (Valve pulmonaire)។ ប្រឺសទាំង៤មានសារៈសំខាន់ណាស់នៅក្នុងការធានាលំហូរឈាមពីថតមួយទៅថតមួយ ឬពីថតមួយទៅសរសៃឈាមណាមួយ។
ជំងឺប្រឺសបេះដូង មានមូលហេតុបង្កច្រើនយ៉ាង ដែលក្នុងនោះមួយផ្នែកធំ គឺបណ្តាលមកពីជំងឺរលាកឈឺបំពង់ក (Angine de la gorge) ដែលបណ្តាលមកពីមេរោគឈ្មោះ ស្ត្រិបតូកូក (Streptocoque ẞ hémolytique de groupe A)។ ក្នុងកំឡុងនៃការព្យាបាលជំងឺឈឺបំពង់ក ដោយលេបថ្នាំផ្សះ (Antibiotiques) មិនបានត្រឹមត្រូវ និងគ្រប់ចំនួន អាចបង្កអោយកើតជាជំងឺប្រឺសបេះដូងទៅថ្ងៃក្រោយ (Valvulopathies rhumatismales)។ ក្រៅពីមូលហេតុនេះក៏អាចមានមេរោគផ្សេងៗទៀត ឬក៏ប្រឺសបេះដូងមនុស្សចាស់ ក៏អាចបង្កជាជំងឺប្រឺសបេះដូងដែរ (Endocardite, valve dégénérative…)។
រោគសញ្ញានៃជំងឺប្រឺសបេះដូង មានដូចជា
– ហត់ដង្ហក់ៈ ចាប់ពីការបញ្ចេញកំលាំងតិចតួច រហូតដល់កម្រិតធ្ងន់ (Dyspnée d’effort) ឬដេកសម្រាកក៏ហត់ (Orthopnée)
– ហើមសួត (Œdème aiguë du poumon)
– ហើមជើង (Œdème des membres inférieurs)
– ញ័រដើមទ្រូង (Palpitation)
– ថ្លើមរីក និងឈឺ (Hépatomégalie & Hépatalgie)
ការការពារកុំអោយកើតមានជំងឺប្រឺសបេះដូង គឺជាកត្តាចំបង។ ដូច្នេះសូមបងប្អូនត្រូវមានអនាម័យល្អ ហើយបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមករកសេវាពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី