ភ្នំពេញ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយតំណាងមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជន ដើម្បីសម្ពោធជណ្តើរត្រីភូមិស្លែង ស្ថិតនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជណ្តើរត្រីភូមិស្លែងនេះ ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ ដែលផ្តល់អត្ថប្រយោជន៍ដល់ពួកគេទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ ជណ្តើរត្រីនេះនឹងជួយកាត់បន្ថយផលប៉ះ ពាល់បណ្តាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដូចជានិយតករ ទំនប់ទឹក ទៅលើការផ្លាស់ទីរបស់ត្រី។
ជណ្តើរត្រីនេះ ត្រូវបានសាងសង់ឡើងក្រោមការស្រាវ ជ្រាវ និងផ្តល់មូលនិធិ ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយ សារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការ សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។ ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ជណ្តើរត្រីនេះគេបានសិក្សាឃើញថា អាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥០០០គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបនដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា” ។
សាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានមានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ២០០៦ មក ACIAR បន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវដើម្បីការពារស្តុកត្រីទន្លេមេគង្គ ដោយភ្ជាប់ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីសំខាន់ៗជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល”។
សាស្ត្រាចារ្យ Umberger បានបន្ថែមថា “ការច្នៃប្រឌិតដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូស្រាវជ្រាវទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ជនបទ ដែលពឹងផ្អែកលើត្រីសម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ ហើយខ្ញុំរីករាយដែលឃើញបច្ចេកវិទ្យានេះ ត្រូវបានពង្រីកបន្ថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប”។
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។
ការងារនេះមានសារៈសំខាន់ណាស់សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ»។
តាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប៕
ដោយ៖ សូរិយា