ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មនុស្សប្រុសស្រីជាង៦០នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្ត០២គ្រឿងបុកគ្នាក្រឡាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រីជាង៦០នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នាហើយក្រឡាប់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកកែវ ផាត នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2BR-2738 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)បេីកបរពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលេីបានរេចង្កូតចូលចំណែកផ្លូវខាងឆ្វេងបុករថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-1646 បើកបរដោយឈ្មោះ ស៊ន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រាល ខេត្តកំពង់ស្ពឺដឹកកម្មករបេះផ្លែស្វាយជាង៦០នាក់។

ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យរថយន្តដឹកកម្មករក្រឡាប់ចាក់កម្មករចោលបណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

លោកបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសធ្ងន់ស្រាលយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។

ចំពោះវត្ថុតាងរថយន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖