ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ និងឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់ដែលជាម្ចាស់ប្រទេស និងជាម្ចាស់នៃរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ឱ្យខិតខំបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើង និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។ សម្ដេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ, ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានា។ សម្តេចថ្លែងថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ហើយដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ ៕
ដោយ ៖ សហការី