ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំនេះ គឺជាខួបលើកទី៧០ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីអាណានិគមបារាំង

ចែករំលែក៖

ភ្នំពេញ៖ បុណ្យឯករាជ្យជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។

ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។

បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។

សូមជំរាបថា បារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំង លើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោក ក្នុងសម័យនោះមួយនេះបានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និងអាស៊ី។

នៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិន ភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបុព្វជិតកាតូលិចចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជន ដែលកាន់សាសនាយេស៊ូ។

បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទីពីរ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មី របស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។

ការឈានជើងរបស់បារាំងលើទឹកដីកម្ពុជាពេលនោះ មិនមែនកម្ពុជា ហៅមកដូចរជ្ជកាលព្រះបាទអង្គឌួង ដើម្បីជួយការពារប្រទេសពីការឈ្លានពានរបស់សៀមនោះឡើយ។ បារាំងមកដោយសំឡឹងឃើញប្រយោជន៍ ដែលខ្លួនបានបាត់បង់ដែនដីអាណានិគមមួយចំនួន គួបផ្សំនឹកឃើញកម្ពុជា ធ្លាប់អញ្ជើញគេមកធ្វើអាណាព្យាបាលផងដែរ។

ការវិលមកកាន់ដែនដីកម្ពុជានាពេលនេះ បារាំង និងកម្ពុជា ឈានដល់ការចុះសន្ធិសញ្ញារួមគ្នាមួយហៅថា សន្ធិសញ្ញាកម្ពុជា និងបារាំង ដែលធ្វើឡើងថ្ងៃទី១១ សីហា ១៨៦៣។ សន្ធិសញ្ញានេះមានខ្លឹមសារថា៖

* ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថា នឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។

* ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា និងបើកសិទ្ធិឲ្យបារាំង កាប់ឈើក្នុងព្រៃ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅស្ថាបនាកប៉ាល់។

ទោះបីខាងភាគី ខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣បាន ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។

សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ ត្រូវបានសៀម ដែលជាគូប្រជែងនឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាប ទៅឲ្យសៀម ដែលក្រោយមកទាមទារបានមកវិញ។ នៅដើមឆ្នាំ១៨៦៤ បារាំងបានគាបសង្កត់រាជរដ្ឋាភិបាលបាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យរាជរដ្ឋាភិបាលបាងកកបញ្ជូនត្រាព្រះខ័នរាជ្យ និងមកុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទ នរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀម មានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។

ម្យ៉ាងទៀតបរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងចិន គឺចលនាថៃភិញ (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន) ងើបឡើងប្រឆាំងនឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង។ សន្ធិសញ្ញា ថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថា បារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថា មិនបញ្ចូលប្រទេសខ្មែរ ជាអាណានិគមដូចកម្ពុជាក្រោមឡើយ។

ក្នុងការត្រួតត្រាដំបូង បារាំងធ្វើវិធីត្រជាក់។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ បារាំងបានឡោមព័ទ្ធរាជវាំង ហើយគំរាមកំហែង ព្រះបាទ នរោត្តម បង្ខំឲ្យព្រះអង្គចុះព្រះហស្តលេខាលើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ព្រះអង្គ។ ដំណាក់កាលចុងក្រោយបារាំង បានធ្វើឲ្យកម្ពុជាក្លាយ ជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មឲ្យបារាំង ដោយបញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។

បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរមានតាំងពីពន្ធមនុស្សពន្ធដី ពន្ធលំនៅដ្ឋានពន្ធសត្វពាហនៈ ពន្ធយានជំនិះពន្ធរបរអាជីវកម្ម។ល។ ដើម្បីបង់ពន្ធជាប្រាក់កាស ឲ្យបារាំង កសិករបានខិតខំពង្រីក ដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក។ល។ ប៉ុន្តែទិន្នផលដំណាំ មិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺពី ១០០ភាគរយ ដល់១៥០ភាគរយជួនកាល ២០០ភាគរយក្នុងមួយឆ្នាំ។

ដោយសារការកេងប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេកប្រជារាស្ត្រខ្មែរ បានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ។ ទោះបីចលនាតស៊ូទាំងនេះ ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំងក៏ដោយតែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) និងបន្តមកដល់រជ្ជកាលព្រះបាទ នរោត្តម សីហនុ ក្នុងរាជ្យទី១ (១៩៤១-១៩៥៥)។

ព្រះបាទ នរោត្តម សីហនុ បានសោយរាជ្យក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២។ នៅអំឡុងពេលនៃសង្រ្គាមលោកលើកទី២នោះ ជប៉ុនមានជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រារបស់ជប៉ុនផងដែរ ដូច្នេះកម្ពុជាបានរស់ក្រោមអាណាគមន៍ពីរជាន់គឺបារាំង និងជប៉ុន។ ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាងជប៉ុន មានលោក សឺង ង៉ុកថាញ់ ជាមេដឹកនាំ។ នៅដើមឆ្នាំ១៩៥២ លោក សឺង ង៉ុកថាញ់ បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុម្មុយនីស បានក្លាយជារណសិរ្ស អ្នកស្នេហា មាតុភូមិខ្មែរហៅកាត់ថាខ្មែរឥស្សរៈ មានលោក ទូ សាមុតជាប្រធាន។

ដើម្បីឯករាជ្យជាតិនៅឆ្នាំ១៩៤៥ ជប៉ុន បានធ្វើរដ្ឋប្រហារបណ្តេញបារាំងចេញពីកម្ពុជា។ ពេលនោះជប៉ុនបានលើកលោក សឺង ង៉ុកថាញ់ ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំង ដោយសហការជាមួយចលនាតស៊ូនៃជនជាតិ លាវ (ឡាវ) និងវៀតណាម។ ព្រះបាទ នរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិពីអាណានិគមបារាំងជានិច្ច។ ចំណែកបារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើន ដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើតមានទូទាំងផ្ទៃប្រទេស ធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាម។

ដោយយល់ថា ការទាម ទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។

ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ ព្រះរាជាណាចក្រកម្ពុជា។

ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនជាតិមាតុភូមិ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។

ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជពីអាណានិគមបារាំងនេះ វិមានឯករាជ្យត្រូវបានកសាង និង សម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យនេះ ក៏ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ផងដែរ។

ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។

បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេល ៤ឆ្នាំទៅហើយក្តី តែព្រះស្នាព្រះហស្ថ ដ៏ជាញជ័យក្នុងការនាំមកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើ ឲ្យប្រជារាស្រ្តរបស់ព្រះអង្គនៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ។

ខាងក្រោមនេះ គឺជាប្រវត្តិព្រះរាជបូជនីយកិច្ចមួយចំនួនរបស់ព្រះមហាវីរក្សត្រខ្មែរក្នុងការទាមទារឯករាជ្យពីអាណានិគមន៍លើកម្ពុជាអស់ រយៈពេល ៩០ឆ្នាំ៖

១៖ តាមសិទ្ធិសញ្ញាចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យនៅកម្ពុជា។

២៖ ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ កម្ពុជាទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តន៍ជាក់ស្ដែងឯករាជ្យនេះ នៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ នគរបាល អំណាចបញ្ជាការយោធា ការទូត ការប្ដូរ និងការចាយធនប័ត្រ ដើម្បីឱ្យមានឯករាជ្យទាំងស្រុង។

៣៖ តាមសេចក្ដីប្រកាសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានសន្យាជាឱឡារិក ចំពោះប្រជារាសស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹងដណ្ដើមយកឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល ០៣ឆ្នាំយ៉ាងយូរបំផុត។

៤៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទាឯករាជ្យរបស់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង។

៥៖ នៅណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានផ្ញើព្រះរាជ្យសារលិខិតមួយច្បាប់ ជូនចំពោះលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណៈរដ្ឋបារាំង បញ្ជាក់ពីភាពចាំបាច់សំដៅធ្វើឱ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សាគ្រប់គ្រាន់ ដោយទឡ្ហីករណ៍សម្អាងបញ្ជាក់ពីការទាមទាររបស់សម្ដេច និង ការផ្ដល់យោបល់ពីបែបបទផ្ទេរអំណាចជាយថាហេតុ ។ នៅណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅ ហ្វុងតែនណាប្លូ ថ្ងៃទី០៣ ខេមេសា ឆ្នាំ១៩៥៣ ព្រះករុណា សម្ដេចព្រះ នរោ ត្តម សីហនុ បានសរសេរព្រះរាជសារលិខិតចំនួន២ច្បាប់បន្តទៀត ផ្ញើជូនលោក វ៉ាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គ ទាក់ទងទៅនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំង ប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ។

៦៖ នៅចំពោះមុខ ការលាក់លៀមរបស់រដ្ឋភិបាលបារាំង ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះ ព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្ដីថ្លែងការណ៍របស់ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំ «ញីវយ៉កថែម» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ ព្រមធ្វើការចរចាជាមួយតំណាងរបស់ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ តំណាងនេះគឺលោក ប៉ែន នុត។

៧៖ ការចរចានៅប៉ារីស បានឈានដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបារាំង យល់ព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ លោក ប៉ែន នុត បានអញ្ជើញវិលត្រឡប់មកកម្ពុជាវិញ ដើម្បីទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលដែលទទួលបាននៅប៉ារីស។ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ វ័រ្មន បានយាងមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។

៨៖ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានសន្យាយ៉ាងឱឡារិក នៅក្នុងព្រះសុន្ទរកថា មួយដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា «ព្រះអង្គនឹងបូជាជីវិត ដើម្បីដណ្ដើមយកឯករាជ្យឱ្យបាន ១០០ភាគរយ»។

៩៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្ដីប្រកាសមួយ ដែលទាក់ទាញពិភពលោក ស្ដីពីការមិនពេញចិត្ត និងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជាតិខ្មែរ។ ការមិនពេញចិត្តនេះអាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ ទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។

១០៖ ក្រោពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ ចំពោះការទាមទាឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅកម្ពុជា ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយបានយាងទៅគង់នៅតំបន់ស្វយ័ត ដែលរួមមានខេត្ត សៀមរាប បាត់ដំបង និងកំពង់ធំ។

ស្វយ័តភាពផ្នែកយោធា នៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យកម្ពុជា ដោយមានការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង ។

ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងចូលរាជធានីវិញ នៅពេលណាបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញ នូវកេតនភ័ណ្ឌចុងក្រោយ នៃឯករាជ្យ។ ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានបង្កើតកងកម្លាំងជីវពល និង នារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង។ លោក ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា។

១១៖ ការចរចារដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់លោក ប៉ែន នុត បានសម្រេចជោគជ័យទាំងស្រុង។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់នគរបាល នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្ដូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំង ចំពោះកំណត់មួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣) ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំងលេខ ៣៩៣អ៊ែ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តន៍កិច្ចព្រមព្រៀង ដូចមានចែងនៅក្នុងកំណត់មួយសម្រាប់រាជរដ្ឋាភិបាលដែលប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋបារាំង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ ៦៧ ប៉េ.សេ.អឹម.អេស.អឹម។

១២៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ស្ដេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ ៣០០គ.ម ដែលព្រះអង្គធ្វើដំណើរប្រជារាស្ត្រខ្មែរក្នុងក្ដីរំជួលចិត្ត បានធ្វើឱ្យព្រះអង្គទទួលនូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុន សន្និសីទក្រុង ហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។

កងទ័ព និងអគ្គសេនាធិការរបស់ប្រទេសបារាំងបានដកថយពីព្រះរាជាជានចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់។

ពពកខ្មៅចុងក្រោយដែលបិតបាំមិត្តភាពកម្ពុជា-បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីបារាំង នៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យតាំងមូលរបស់ប្រទេសកម្ពុជា លើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ គណៈប្រតិភូខ្មែរ ដែលបញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីស្នើឱ្យបារាំងទទួលស្គាល់ជាផ្លូវការ គឺដឹកនាំដោយលោក ចាន់ ណាក បន្ទាប់ពីលោកបានទទួលមរណៈភាពនៅទីក្រុងប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវបានដឹកនាំដោយលោក ញឹក ជូឡុង និងចុងក្រោយបង្អស់ ដឹកនាំដោយលោក អូ ឈីន ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងចូលរួមអមដោយលោក សឺន សាន ។

១៣៖ នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ ហ្សឺណែវ ប្រព្រឹត្តិទៅដោយរួមបញ្ចូលគូបដិបក្ស ដែលមានវិវាទនៅឥណ្ឌូចិន។

នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយលោក ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរទេស និងលោក ញឹក ជូឡុង លោក នង គីមនី លោក សឺន សាន ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទប្រកាសដកទ័ពរបស់ប្រទេសជិតខាងមួយចេញពីព្រះរាជាណាចក្រកម្ពុជា។

ប្រទេសកម្ពុជាចេញពីសន្និសីទ ហ្សឺណែវ នេះ «កក្កដា-១៩៥៤» ដោយគ្មានអ្វីខូតខាតទាំងអស់។ ផ្ទុយពីប្រទេសឡាវ និងវៀតណាម ព្រះរាជាចក្រកម្ពុជា អាចជៀសវាងការបែងចែកទឹកដី។

១៤៖ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ យ៉ាងតិច៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះ ប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា «ជាព្រះបិតាឯករាជ្យជាតិ» ហើសំណូមពររបស់ តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រាជរដ្ឋាភិបាលបានលើព្រះអង្គជា «វីរៈបុរសជាតិ» ស្របតាមព្រះមហា កិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ៕

ដោយ៖ សហការី


ចែករំលែក៖