ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាសហគមន៍ប្រគល់ឧបករណ៍ឆក់៤គ្រឿងជូនមន្ត្រីជំនាញក្នុងពិធីពង្រឹងសមត្ថភាពសហគមន៍នេសាទ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឧបករណ៍ឆក់ ៤គ្រឿង ត្រូវបានប្រជាសហគមន៍យកមកប្រគល់ជូនមន្ត្រីជំនាញ ក្នុងពិធីពង្រឹងសមត្ថភាពសហគមន៍នេសាទ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង នៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០២៣។

ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ពុំ សុថា មានប្រសាសន៍នៅក្នុងឱកាសនោះថា ប្រជានេសាទទាំងអស់ ត្រូវដើរតួនាទីជាអ្នកអភិរក្សធនធានមច្ឆជាតិ ដោយគ្រាន់តែបញ្ឈប់ការលួចលាក់ ធ្វើនេសាទដែលប្រើឧបករណ៍ឆក់ ហើយត្រូវសហការជាមួយប្រជាសហគមន៍នេសាទ រួមគ្នាចាត់ វិធានការទៅលើបុគ្គលទាំងឡាយណាដែលធ្វើនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលបង្កការវិនាស មហន្តរាយដល់ធនធានជលផល។

ជាមួយនោះលោកប្រធានរដ្ឋបាលជលផល ក៏អំពាវនាវដល់ប្រជាអ្នកនេសាទឈប់លួចលាក់ប្រើឧបករណ៍ខុសច្បាប់ក្នុងការធ្វើនេសាទ ព្រោះវាជាទង្វើបំផ្លាញដល់ធនធានមច្ជជាតិរបស់ខ្លួន ហើយប្រសិនប្រជានេសាទណាមានប្រើឧបករណ៍នេះត្រូវភ្ញាក់រឭកយកមកប្រគល់ ឲ្យអាជ្ញាធរពាក់ព័ន្ធ ជៀសវាងការមានទោសទណ្ឌនៅ ពេលមន្ត្រីជំនាញធ្វើការបង្រ្កាប។

លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មី បានបញ្ជាក់ថា ធនធានជលផលជារបស់យើងទាំងអស់គ្នា ដូចនេះប្រជាសហគមន៍ក៏ដូចជាប្រជាអ្នកនេសាទ ត្រូវ តែរួមគ្នាអភិរក្សធនធានជលផល ហើយអ្នកដែលលួច លាក់ប្រើឧបករណ៍ឆក់ត្រី ត្រូវយកមកប្រគល់ឲ្យអជ្ញាធរមូលដ្ឋាន។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា នេះជាការភ្ញាក់រលឹក និងមានស្មារតីទទួល ខុសត្រូវ ហើយអាចជាគំរូមួយសម្រាប់ឲ្យបងប្អូនប្រជាអ្នកនេសាទយើង នាំគ្នាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ ងាក់មកគោរពច្បាប់ជលផល និងរួមគ្នាអភិរក្សធនធានមច្ជជាតិអោយសម្បូរបែបឡើងវិញ ។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្កី បានបញ្ជាក់ថា ការអភិរក្សធនធានមច្ឆជាតិនេះ ប្រជានេសាទនៅសង្កាត់សាមគ្គីមានចំនួន២នាក់បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ឲ្យមកសហគមន៍នេសាទ ជាមួយនេះសកម្មភាពបង្ក្រាបបទល្មើសនេសាទក៏ប្រជាសហគមន៍ដកហូតបាន ឧបករណ៍ឆក់ចំនួន២គ្រឿងផងដែរ។

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងសហគមន៍នេសាទបានបង្កើតឡើងចំនួន ៦២សហគមន៍ ហើយសហគមន៍ដែលអនុវត្តការងារអភិរក្សធនធានជលផលបានល្អ ត្រូវបានរដ្ឋបាលជលផលផ្ដល់លិខិតសរសើរក្នុងការលើក ទឹកចិត្ត ដើម្បីបង្ហាញពីសុឆន្ទះក្នុងការស្រឡាញ់ធនធានជលផលរបស់ខ្លួន៕

ដោយ៖ សូរិយា


ចែករំលែក៖