ភ្នំពេញ ៖ នាថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក នៅវិទ្យាស្ថានជាតិ សុខភាពសាធារណៈ ដោយទទួលការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Martina Koch ប្រធានផ្នែកវិស័យសុខាភិបាលប្រចាំតំបន់អាស៊ី និងក្រុមកាងារនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ចូលជួបពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការរួម នៃការបំរែបំរួលអាកាសធាតុ ជំងឺឆ្លង ជំងឺមិនឆ្លង សុខភាពឌីជីថល និងការថែទាំសុខភាពបឋម។
លើសពីនេះ ក្នុងជំនួបនោះនឹងផ្តល់អាទិភាពទៅលេីវិស័យការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខភាព ការថែទាំសុខភាព ដើម្បីធានាថា តម្រូវការសុខភាពរបស់ប្រជាជនដែលងាយរងគ្រោះ ត្រូវបានដោះស្រាយ ជាពិសេសនៅក្នុងបរិបទនៃផលប៉ះពាល់នៃការបំរែបំរួលអាកាសធាតុ។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងក្រុមការងារពាក់ព័ន្ធ។
សូមបញ្ជាក់ថា : ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា: កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៧០% ៕
ដោយ ៖ សហការី