ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងឧដុង្គម៉ែជ័យឃាត់មុខសញ្ញាគប់កញ្ចក់រថយន្តបាន០២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួនជន សង្ស័យចំនួនពីរនាក់ ដែលបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ហើយបើកម៉ូតូរត់គេច។ បុរសជាជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួន និងកសាងសំណុំ រឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការឃាត់ខ្លួនក្រុមជនសង្ស័យគប់កញ្ចក់រថយន្តបានកាលយប់ថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ២០២៣ បើយោងតាមបណ្តឹងរបស់ឈ្មោះ ឈីម បាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្រែ ថាមានជនមិនស្គាល់អត្តសញ្ញាណពីរនាក់ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ 

នគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា ក្រោយទទួលបណ្ដឹងលោកអធិការនគរបាលក្រុងឧដុង្គម៉ែជ័យ ដឹកនាំកំលាំងស្រាវជ្រាវ និងស្នេីសុំយោបល់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីសហការជាមួយជំនាញ  ធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញាជាជនសង្ស័យបានគប់រថយន្ត ចំនួន០២នាក់ ។ មន្ត្រីនគរបាលដដែលបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់មាន ៖

ទី១/ឈ្មោះ គិត សាវុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ (ម្ចាស់ម៉ូតូ និងជាអ្នកបើកម៉ូតូ) និងទី២/ឈ្មោះ វុិន សុភ័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ(អ្នកជិះពីក្រោយ)។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយថា នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង២០នាទី ខ្លួនបានជិះម៉ូតូម៉ាកCBR ពណ៌ក្រហម (គ្មានផ្លាកលេខ) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែ និងបានយកដុំឥដ្ឋចោលទៅលេីរថយន្ដមួយគ្រឿងមិនចាំម៉ាករួចជិះម៉ូតូគេចខ្លួនតែម្ដង។ 

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានកម្លាំងជំនាញសួរនាំ និងកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖