ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនផ្កាយ២ អនុប្រធានមន្ទីរគ្រឿងញៀនម្នាក់ និងកូនចៅ៤នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទចាប់ បង្ខាំង និង ជំរិតយកប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនលោកផ្កាយ២ អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងកូនចៅ៤ នាក់ដាក់ពន្ធនាគារជាបណ្តោះ អាសន្នពីបទ.ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ។

ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនោះ បន្ទាប់ពីសំណុំរឿងត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជាផ្លូវការ ។ 

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេច ក្ដីប្រកាសព័ត៌មាន ស្ដីពីការឃាត់ខ្លួនមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន៥ នាក់ ពាក់ព័ន្ធករណីចាប់ និងបង្ខាំង ជំរិតយកប្រាក់ ដែលនីតិវិធីបើកការស៊ើបសួរនៅដំណាក់ កាលអយ្យការត្រូវបានបញ្ចប់ ។

 សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាប ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៤៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន៥ នាក់ ទី១.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ទី២.ឈ្មោះ ជួន លឹមហេង ភេទប្រុស ទី៣.ឈ្មោះ អុន សំអូន ភេទប្រុស ទី៤.ឈ្មោះ នេត សុខុម ភេទប្រុស នឹងទី៥.ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ដែលត្រូវបានសង្ស័យថា បានប្រព្រឹត្តសកម្មភាពដេញចាប់ជនរងគ្រោះនៅតាមផ្លូវសាធារណៈ យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព ។ ក្រោយមក ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន និបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីតំណាងអយ្យការបានបើកការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន៣ នាក់ករណី ៖ 

 ករណីទី១.នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០ នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW.2116 និងឃាត់ខ្លួនជនរងគ្រោះជាជនជាតិចិនចំនួន៤ នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅព័ណទឹកក្រូចចំនួន ១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទប្រកាន់ជនរងគ្រោះថាបានរក្សាទុកគ្រឿងញៀន ។ បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរងគ្រោះទាំង៤ នាក់ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតម្លៃក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០ ០០០ ដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង ។ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹមចំនួន ១៥ ០០០ ដុល្លារអាមេរិក ដើម្បីជាថ្នូរនិងការដោះលែងឲ្យមានសេរីភាពវិញ ។ 

 ករណីទី២.នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣ និង០០នាទី មានជនជាតិចិនចំនួន៤ នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB.0037 ចេញពីណាហ្គាវើល ក្រុមជនសង្ស័យព្រមទាំងបក្ខពួក បានឃាត់ និងភ្ជង់នឹងអាវុធទៅលើជនរងគ្រោះដែលមានឈ្មោះ ZHU JIWANG ភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស បានរួចធ្វើការវាយខ្នោះចូលក្នុងរថយន្តបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅព័ណសចំនួន១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថាបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅឃុំខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង ។ លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក ជាថ្នូរក្នុងការដោះលែង ។ ក្រោយបង្ខាំងអស់ជាង១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ឲ្យទៅក្រុមជនសង្ស័យ ។ ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣ ០០០ ដុល្លារអាមេរិក បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង៤ នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E.CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន ។ បន្ទាប់ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ ក្រោមរូបភាពជូនជាសារគុណក្នុងការដោះលែង ។ ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុបចំនួន ៤២.៧០០ ដុល្លារអាមេរិក និងដកហូតប្រាក់យ័ន្តចំនួន ២.២០០ យ័ន្ត ដើម្បីជាថ្នូរនិងការដោះលែងឲ្យមានសេរីភាពវិញ ។

 ករណីទី៣.នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង២៥នាទី ជនរងគ្រោះជាជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភក្ដិរួមដំណើរជាជនជាតិចិនចំនួន៣ នាក់ បានជិះរថយន្តម៉ាក RANGROVER ព័ណប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP.5777 បានចេញពីផ្ទះលេខD១៨ ផ្លូវDAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត ៤គ្រឿង និងម៉ូតូ១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្ជង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីរព្រះឥសានវ័រ្មន ផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួន ។ 

 ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩  អ.យ.ឆ ចុះថ្ងៃទី១២ វិច្ឆឹកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖ 

១.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៥៨ ឆ្នាំ (ឃាត់ខ្លួន)

២.ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ៣១ ឆ្នាំ (ឃាត់ខ្លួន)

៣.ឈ្មោះ អុន សំអូន ភេទប្រុស អាយុ៤៤ ឆ្នាំ (ឃាត់ខ្លួន)

៤.ឈ្មោះ នេត សុខុម ភេទប្រុស អាយុ៤២ ឆ្នាំ (ឃាត់ខ្លួន) 

៥.ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ៤៦ ឆ្នាំ (ឃាត់ខ្លួន)

៦.ឈ្មោះ កែវ ខេន ភេទប្រុស អាយុ៣៤ ឆ្នាំ (គេចខ្លួន) 

៧.ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន) 

៨.បក្ខពួក 

 ពីបទ.ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នំ២០២៣ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣នៃក្រមព្រហ្មទណ្ឌ ។ 

 អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖