ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍

ចែករំលែក៖

ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស​ ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ​ និងបុគ្គលស្វ័យនិយោជន៍” ។

ដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម មិនសំដៅតែលើមន្ត្រីសាធារណៈ និងកម្មករ និយោជិត រដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គមថ្មីបន្ថែម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ដោយអាចទទួលបាននូវការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព។ កិច្ចការងារអាទិភាពនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ដែល “ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដោយផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី​ “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” គឺជាកិច្ចអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ។ 

ការរៀបចំប្រព័ន្ធគាំពារសង្គមថ្មីនេះឡើង គឺស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ចំនុចទី២​ ក្នុងចំណោមអនុសាសន៍ទាំង៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើរៀបចំក្នុងឆ្នាំ២០២៣ ដោយត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕

ដោយ ៖ សហការី


ចែករំលែក៖