ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ក្រុងពាលី សុំ សេចក្ដីសុខ សេចក្ដីចម្រើនមុនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើនមុនសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានបេតុង ខ្សែកាបកោះពេជ្រ- កោះនរា ស្ពាននេះ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។  ពិធីតាមបែបសាសនានេះ ធ្វើឡើង នៅរសៀលថ្ងៃអង្គារ២កើត ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ស៊ីណា ឃួង ស្រេង និងលោកChalres Vann អគ្គ នាយករងក្រុមហ៊ុនOCIC តំណាង លោក ពុង ឃែវសែ   

    ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ 

សមិទ្ធផលថ្មីនេះ ពិតជាបានបម្រើឱ្យផលប្រយោជន៏រួម ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនឹង កាត់បន្ថយការកក ស្ទះចរាចរណ៍ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញជាពិសេស បន្ថយបន្ទុកលំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។

      ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះ ក៏សមស្របទៅនឹងការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រួមទាំងកំណើនសេដ្ឋកិច្ច, កំណើនប្រជាពលរដ្ឋ ក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ។ កន្លងមក ដោយមានការចង្អុលបង្ហាញ ពី សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងការដឹកនាំអនុវត្តផ្ទាល់ របស់លោក ឃួង ស្រេង ធ្វើឱ្យ សមិទ្ធផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ពន្ធ័, សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍទីក្រុងមួយនោះឡើយ។

     សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ស្ពាន ថា សម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ 

ផ្លូវនេះ ចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

    ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ ចំណាយពេលសាងសង់១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ ដុល្លារ អាមេ រិក។

ស្ពានបេតុងខ្សែកាប ជាប្រវត្តិសាស្ត្រនេះ ពិតជាបានចូលរួមចំណែកជួយសម្រួលការធ្វើ ដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

    ស្ពានបេតុងកោះនរា -កោះពេជ្រ ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ៕

 ដោយ៖ សំរិត


ចែករំលែក៖