ភ្នំពេញ ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងថា នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២៣នេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការហើយ។
លោកបន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ នឹងផ្ដល់ឲ្យយុវជននូវជំនាញមួយច្បាស់លាស់ ដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋលេខាធិការបន្តថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងត្រូវបានសិក្សាជំនាញដោយមិនគិតថ្លៃរហូតដល់បញ្ចប់ការសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលប្រចាំខែ។ យុវជនទាំង ពីរគោលដៅនេះ អាចចូលរៀនបានចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ ហើយត្រូវមានបណ្ណបញ្ជាក់ថា ជាគ្រួសារក្រីក្រ ឬជាគ្រួសារងាយរងហានិភ័យ។ លោកបន្តថា សម្រាប់យុវជនអ្នកសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ រួមទាំងកម្មករ កម្មការិនី ក៏ទទួលបានសិក្សាជំនាញដោយមិនគិតប្រាក់ដែរ ប៉ុន្ដែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនោះទេ។
លោករដ្ឋលេខាធិការ កត្តា អ៊ន មានប្រសាសន៍ថា ៖«ការបណ្ដុះបណ្ដាលនេះនឹងផ្ដល់ឲ្យយុវជននូវជំនាញពិត ប្រាកដ ដែលអាចធ្វើការងារបានក្នុងមួយជីវិតរបស់ខ្លួន ដែលបានន័យថា គឺផ្ដល់ឲ្យយុវជនរៀនឲ្យចេះ រៀនឲ្យចប់និងមានការងារធ្វើ ហើយនឹងមានចំណូលសម្រាប់ ចិញ្ចឹមជីវិតខ្លួនឯងចិញ្ចឹមគ្រួសារ ក៏ដូចជាការរួមចំណែក កសាងសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ យុវ ជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានការចុះឈ្មោះមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុង១ខែថែមទៀត ដូច្នេះយុវជនត្រូវមានអាយុពី ១៥ឆ្នាំឡើងទៅ មានបណ្ណបញ្ជាក់ថា មកពីគ្រួសារក្រីក្រ១ ឬក្រីក្រ២ ឬក៏មានបណ្ណមកពីគ្រួសារងាយរងហានិភ័យ។ ចំណែកយុវជនមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធ ឬក៏ជាកម្មករ និយោជិតដែលធ្វើការងារនៅកន្លែងផ្សេងៗ ក៏អាចចុះឈ្មោះចូលរៀនបានដែរ ឲ្យមានអាយុ ១៥ឆ្នាំមានអត្តសញ្ញាណបណ្ណ មានសំបុត្រកំណើត ហើយធ្វើការចុះឈ្មោះចូលរៀនក៏មិនបង់ប្រាក់ថ្លៃសាលាដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលនោះទេ»។
លោកអ្នកនាំពាក្យបន្តថា ក្រសួងការងារ និងអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាល ដែលហៅកាត់ថា TVET នឹង ធ្វើការផ្សព្វផ្សាយ សហការជាមួយមន្ទីរ សហការជាមួយអាជ្ញាធរដែនដីផ្សេងៗ ក្រសួងពាក់ព័ន្ធផ្សេងៗ នឹងផ្សព្វ ផ្សាយពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ អំពីការចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានបណ្ដុះបណ្ដាល សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស នៅតាមរាជធានី ខេត្ត និងតាមប្រព័ន្ធឌីជីថល បណ្ដាញសង្គម និងប្រព័ន្ធទូរស័ព្ទដៃជាដើម។ នៅក្នុងឱកាសនេះលោកអំពាវនាវដល់យុវជន ទាំងមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ អ្នកសេដ្ឋកិច្ចក្រៅ និងក្នុងប្រព័ន្ធ រួមទាំងកម្មករ និយោជិត ដែលមានបំណងសិក្សាជំនាញវិជ្ជាជីវៈ សូមទាក់ទងមកក្រសួងការងារ ឬគ្រឹះស្ថានបណ្ដុះបណ្ដាល ឬសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬក៏ធ្វើការទាក់ទងទៅកាន់អាជ្ញាធរដែនដីផ្សេងៗ ដើម្បីទទួលបានព័ត៌មានអំពីការចុះឈ្មោះចូល រៀន។
លោករដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ វាឆ្លើយតបនិងតម្រូវការចាំបាច់ក្នុងសេដ្ឋកិច្ចជាតិ និងពិភពលោក ដែលគេត្រូវការអ្នកមានជំនាញច្បាស់លាស់ក្នុងការចូលធ្វើការក្នុងរោងចក្រ សហគ្រាស ក្រុមហ៊ុនដែលជាប្រព័ន្ធឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថល៕
ដោយ៖ សូរិយា