ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា ពង្រឹងសមត្ថភាព និងបំពេញរាល់ចំណុចខ្វះខាត ដើម្បីភាពជឿជាក់របស់សមាជិកជាង៧ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំសមាគមទាំងអស់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងបំពេញរាល់ចំណុចខ្វះខាតដែលកើតមាននាពេលកន្លងមក ដើម្បីបង្កើននូវទំនុកចិត្ត និងភាពជឿជាក់របស់សមាជិក សមាជិក ប្រមាណជាង៧ម៉ឺននាក់នៅពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា គូសបញ្ជាក់ថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការរយៈពេល៤អាណត្តិរួចមកហើយ ដោយទទួលបានជោគជ័យគួរជាទីមោទន ហើយលោកសូមសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លារបស់សមាគមដែលសមិទ្ធផលទាំងអស់នេះ មិនអាចកាត់ថ្លៃបានពីការខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៅក្នុងគណៈកម្មាធិការកណ្ដាល គណៈកម្មការមូលដ្ឋាន និងសមាជិក សមាជិក ក្រុមគ្រួសារសមាគមទាំងអស់បានឡើយ។

លោកអភិសន្ដិបណ្ឌិត បន្ថែមទៀតថា សមាគមមិត្តនគរបាលជាតិកម្ពុជា មានការរីកចម្រើនជាបន្ដបន្ទាប់ទាំងបរិមាណ និងគុណភាពពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលបច្ចុប្បន្ននេះសមាគមមានសមាជិក ចំនួន៧៨,០៦៩នាក់ ដោយឡែកថវិកាដែលនៅសល់ប្រមាណជាង១៨ពាន់លានរៀល ដែលជាចំនួនគួរឲ្យកត់សម្គាល់អាចធ្វើឲ្យសមាគមមានលទ្ធភាពពង្រឹងសមត្ថភាព ជួយសមាជិកកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានកោតសរសើរដោយស្មោះចំពោះស្នាដៃ និងសមិទ្ធផលដ៏ធំធេងដែលកន្លងមកនគរបាលជាតិកម្ពុជាសម្រេចបាន ក្នុងបុព្វហេតុរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយលោក​អភិសន្តិបណ្ឌិត​ ចាត់ទុកថា ស្នាដៃនេះពិតជាមានតម្លៃធំធេងមិនអាចកាត់ថ្លៃបានដោយហេតុគ្រប់ដំណាក់កាល នៃការកសាង និងអភិវឌ្ឍន៍នាពេលកន្លងមក បើគ្មានសុខសន្ដិភាពគ្រប់គ្រាន់ទេ នោះការអភិវឌ្ឍក៏មិនអាចមានទៅរួចផងដែរ។

ដើម្បីចូលរួមចំណែកឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រធានកិត្តិយស បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖

*ទី១៖ នៅពេលខាងមុខសមាគមនឹងអាចជួបប្រទះនូវបញ្ហាមួយចំនួន ដែលនឹងត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះខ្ញុំសូមស្នើដល់គណៈកម្មាធិការកណ្ដាលថ្មី ត្រូវមានវិធីប្រជុំជាកំណត់មួយពេញលេញច្បាស់លាស់ ដើម្បីពិនិត្យលើការដឹកនាំដោះស្រាយបញ្ហាដែលកើតឡើងទាន់ពេលវេលា ព្រមទាំងចង្អុលដឹកនាំគណៈកម្មការមូលដ្ឋានឲ្យមានប្រសិទ្ធភាព

*ទី២៖ បច្ចុប្បន្នក្រសួងមហាផ្ទៃ បានបង្កើតអគ្គនាយកដ្ឋានមួយចំនួនទៀត ហើយអគ្គនាយកដ្ឋានអង្គភាពចំណុះក៏ត្រូវបានបង្កើតឡើងដែរ ដូច្នេះត្រូវសម្របសម្រួលរៀបចំគណៈកម្មការមូលដ្ឋាន តាមនាយកដ្ឋាន អង្គភាពឡើងវិញ ដើម្បីឲ្យមានអង្គការចាត់តាំង និងមានរចនាសម្ព័ន្ធស្របតាមលក្ខន្ដិកៈ និងលិខិតបទដ្ឋាននានាសមាគមដែលមានជាធរមាន

*ទី៣៖ កន្លងមកគណៈកម្មការតាមមូលដ្ឋានបានអនុវត្តល្អរួចមកហើយ ប៉ុន្ដែការងារមួយចំនួនអ្វីដែលឯកឧត្តមសង្កេតឃើញផ្ទាល់ គឺមានមន្ដ្រីមួយចំនួននៅថ្នាក់ក្រោមជាតិ មិនបានបំពេញកាតព្វកិច្ចអ្វីដែលប្រគល់ជូន ជាពិសេសក្នុងការសម្របសម្រួលក្នុងពិធីបុណ្យសពជូនដល់មន្ដ្រី ដូចនេះឯកឧត្តមទទូចឲ្យសមាគមពិនិត្យលើការងារ ពិសេសស្នើគណៈកម្មាធិការអាណត្តិថ្មីនេះ ពិចារណាក្នុងការបង្កើតក្រុមការងារអនុវត្តកិច្ចការដែលនៅសេសសល់

*ទី៤៖ ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា មានគ្រប់គ្រាន់ប៉ុន្ដែការបើក និងផ្ដល់ប្រាក់ឧបត្ថម្ភជូនក្រុមគ្រួសារសពដែលជាសមាជិក នៃសមាគមមានការយឺតយ៉ាវ ពេលខ្លះមានរយៈពេលមួយខែ ពេលខ្លះមានរហូតដល់២ខែ ដូច្នេះការងារនេះឯកឧត្តមសូមស្នើឲ្យប្រធានថ្មី មេត្តាពិនិត្យរបៀបរបបនីតិវិធីនៃការស្នើសុំយ៉ាងយូរក្រោម១២ថ្ងៃ នៃថ្ងៃធ្វើការ ដែលជាវេលាមួយសមរម្យ

*ទី៥៖ ចំពោះការផ្សព្វផ្សាយវិញ លោកអភិសន្ដិបណ្ឌិត​ សូមស្នើគណៈកម្មការនិពន្ធទស្សនាវដ្ដីនគរបាល បង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ឲ្យបានច្រើនទៀត ពិសេសសកម្មភាពគណៈកម្មការមូលដ្ឋាន ដែលចុះជួយរៀបចំពិធីបុណ្យសពសមាជិកពលី មរណៈ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីមនោសញ្ចាតនា សាមគ្គីរបស់មន្ដ្រីនគរបាលជាតិនៅថ្នាក់មូលដ្ឋាន

*ទី៦៖ សូមអំពាវនាវដល់លោក លោកស្រី ឧកញ៉ា អស់លោក លោកស្រី ជាសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់សូមមេត្តាបន្ដគាំទ្រ និងជួយឧបត្ថម្ភតាមគ្រប់រូបភាពដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឲ្យអង្គការមួយនេះមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅពេលអនាគត

*ទី៧៖ សូមឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ពិនិត្យទៅលើលទ្ធភាពក្នុងការរៀបចំការងារចំនួនពីរ ក្នុងនោះ ទី១៖ សិក្សាឈានទៅការធ្វើទំនើបកម្មនៃការគ្រប់គ្រងឯកសាររបស់សមាជិក សមាជិកា នៃក្រុមគ្រួសារសមាគមមិត្តនគរបាលជាតិកម្ពុជា ព្រោះបច្ចុប្បន្នឯកសារទាំងអស់នេះ ត្រូវបានដម្កល់ទុកជាលក្ខណៈប្រពៃណីនៅឡើយ និងទី២៖ សិក្សាអំពីការងារអាទិភាព និងប្រភពនៃចំណុចខ្វះខាតកន្លងមក ហើយជាពិសេសមន្ដ្រីទទួលធ្វើការងារនេះ។

គួរជម្រាបថា សម្រាប់មហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅពេលនេះ បានបោះឆ្នោតជ្រើសរើស លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមសម្រាប់អាណត្តិទី៥។ លោកនាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញតួនាទីជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ដើម្បីឲ្យសមាគមកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត និងកាន់តែឲ្យសមាជិក សមាជិកាទាំងអស់ជឿទុកចិត្តលើសមាគម ៕

ដោយ​៖ ស​ តារា


ចែករំលែក៖