កងទ័ពអុីស្រាអែលបាននិយាយថា ខ្លួនកំពុងស្វែងរកសមាជិកក្រុមហាម៉ាស់ “នៅក្នុងតំបន់ជាក់លាក់” នៃមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា នៅព្រឹកព្រលឹមថ្ងៃទី 15 ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ជាកន្លែងដែលក្រុមហាម៉ាស់ត្រូវបានចោទប្រកាន់ថា ជាមជ្ឈមណ្ឌលបញ្ជាការក្រុមហាម៉ាស់។
យោងតាមបណ្តាញ Al Jazeera ជំហាននេះត្រូវបានចាត់ទុកថាជាហានិភ័យនិងគ្រោះថ្នាក់ខ្លាំង ព្រោះនៅខាងក្នុងមន្ទីរពេទ្យ Al-Shifa មានជនជាតិប៉ាឡេស្ទីនប្រហែល 7.500នាក់រួមទាំងអ្នកជំងឺ វេជ្ជបណ្ឌិត និងអ្នកស្រុកផងដែរ។
សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអុីស្រាអែលបាននិយាយថា “ប្រតិបត្តិការនេះគឺផ្អែកលើការស៊ើបការណ៍សម្ងាត់និងភាពចាំបាច់របស់វា។ ប្រតិបត្តិការនេះមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺ បុគ្គលិកពេទ្យ ឬអ្នករស់នៅក្នុងមន្ទីរពេទ្យនោះទេ”។
កងទ័ពអុីស្រាអែលបានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា និងការគ្រប់គ្រងមន្ទីរពេទ្យ Al-Shifa ត្រូវបានជូនដំណឹងមុនពេលកងទ័ពអុីស្រាអែលចូលមន្ទីរពេទ្យ។
អុីស្រាអែលក៏បានណែនាំអ្នកជំងឺ និងអ្នកស្រុកឱ្យនៅឱ្យឆ្ងាយពីបង្អួច ទ្វារ និងច្រកទ្វារនៃមន្ទីរពេទ្យ Al-Shifa ។ យោធាអុីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅជាក់លាក់នៃមន្ទីរពេទ្យ ដើម្បីបំផ្លាញមជ្ឈមណ្ឌលបញ្ជាការយោធារបស់ក្រុមហាម៉ាស់នៅខាងក្នុង។
នៅក្នុងសកម្មភាពនេះ យោងតាមភាគីអុីស្រាអែល កន្លែងភ្ញាស់ ឧបករណ៍វេជ្ជសាស្ត្រ និងអាហារទារកត្រូវបានគេរំពឹងថានឹងបញ្ជូនទៅមន្ទីរពេទ្យ។ លោក Ahmed Mokhallalati វេជ្ជបណ្ឌិតនៅ Al-Shifa បាននិយាយថា អ្នកជំងឺ 650 នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យ ដែលក្នុងនោះប្រហែល100នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមអ្នកនាំពាក្យអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា Ashraf al-Qudra អ្នកគ្រប់គ្រងមន្ទីរពេទ្យ Al-Shifa បានច្រានចោលការអំពាវនាវរបស់អុីស្រាអែលឱ្យជម្លៀសដោយគ្មាននីតិវិធីត្រឹមត្រូវដើម្បីធានាថាអ្នកជំងឺបន្តទទួលបានការថែទាំចាំបាច់៕ ដោយ៖ ធីរីណា
រូបថត៖ Reuters