ព័ត៌មានទាន់ហេតុការណ៍៖

រឹបអូសគ្រឿងសម្អាង និងអាហារបំប៉នហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាតជិត៦តោន​ នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងលក់គ្រឿងសម្អាង និងអាហារបំប៉នហួសសុពលភាព គ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត បានជិត៦តោន ត្រូវ​បានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបនិង​រឹបអូស​បាន​ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់​ យកមកនាំយកទៅសាកសួរដើម្បីចាត់វិធានការទៅតាមច្បាប់។​ នេះបេីយោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលទើប​ទទួល​នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ប្រភពដដែលបន្តថា​ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខ ទំងន់៥,៦៤១គីឡូក្រាម នៅក្នុងនោះមានចំនួន២៩មុខគ្មានច្បាប់។ ដោយឡែកចំនួន៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតិជាដើម។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ចំណែក​វត្ថុតាងដែលដកហូតបាននោះ​ ត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចឲ្យបិទផ្លុំបេនៅទីតាំងកើតហេតុ និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

ដោយ៖ សហការី​


ចែករំលែក៖