ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋានគរបាលខណ្ឌទួលគោក នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៣ និងប្រជុំជួរត្រួពិនិត្យកម្លាំងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីលោក-លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ និងមន្រ្តីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ នាព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះគឺចំនួនទូក និងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមផងដែរ។
ជាមួយគ្នានេះ លោកអធិការខណ្ឌ ក៏បានណែនាំឱ្យកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ។ ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានា រងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ច ដែលមានបញ្ហាផ្សេងៗផងដែរ៕
ដោយ៖ ស តារា