ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត

ចែករំលែក៖

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តីរាជការក្រោមឱវាទរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអធិការកិច្ច និងក្រសួងពាណិជ្ជកម្ម។

រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអធិការកិច្ច និងក្រសួងពាណិជ្ជកម្ម ផ្តោតលើគោលបំណង  បីសំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច និងក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រដល់ក្រសួងអធិការកិច្ច និងក្រសួងពាណិជ្ជកម្មក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖

– ការដាក់ QR Code ស្តង់ដាលើឯកសាររបស់ក្រសួងទាំងពីរ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh

– ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង

– ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ

– ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល

– ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

– ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖