ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បត្តិ៍ ១១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងមកពីក្រសួងស្ថាប័ននានា។

កិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ៨ ជំពូក និង ២៤ មាត្រា ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ តំណាងក្រសួងស្ថាប័ននានា ដែលបានរួមចូលលើកិច្ចពិភាក្សា និងបានផ្ដល់ជាមតិល្អៗ ដើម្បីឲ្យសេចក្តី ព្រាងព្រះរាជក្រឹត្យនេះ កាន់តែមានគុណភាព ប្រសិទ្ធភាព និងសង្គតិភាព ព្រមទាំងអាចឆ្លើយតបបាន ទៅ នឹងសំណូមពរការងារ ដើម្បីជំរុញការទាក់ទាញ និងលើកកម្ពស់ការវិនិយោគ សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ដែរថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/២០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ៕ 

ដោយ ៖ សហការី


ចែករំលែក៖