ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ដែលរៀបចំចងក្រង និង បោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards) ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងព្រមគ្នានៅក្នុងពិធីបុណ្យអាហារសាអូឌីត (Saudi Feast Food Festival)។
កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» បានទទួល បានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ (The Best Asian Cookbook) និងពានរង្វាន់ សៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ (Best Heads of State/Food) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ សៀវភៅមុខម្ហូបពិភពលោកនេះ។ ការឈ្នះជ័យលាភីឆ្នាំនេះ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើ ពិភពលោក បានឆ្លុះបញ្ចាំងអំពីនយោបាយការបរទេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងការលើកស្ទួយម្ហូបអាហារខ្មែរដ៏ពិតប្រាកដទៅដល់ពិភពលោក។ ការទទួលបានជ័យលាភីនេះ ពិតជា មោទនភាព និងកិត្តិយសសម្រាប់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយឱ្យពិភពលោក ស្គាល់ និងផ្តល់តម្លៃចំពោះមរតកដ៏មហិមានៃម្ហូបខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
* ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» សម្រាប់ឆ្នាំ២០២៣ បានផ្តល់ មកឱ្យកម្ពុជាទៅលើវីដេអូឃ្លីបដែលបង្ហាញអំពីការចម្អិនម្ហូបខ្មែរចំនួន៧មុខ និងបង្អែមចំនួន២មុខ ដកស្រង់ ចេញពីសៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ”។ វីដេអូឃ្លីបទាំងនេះ ត្រូវបានរៀបចំផលិតដោយ វិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានថត និងចងក្រងចេញពីវគ្គបណ្តុះបណ្តាលការទូតអាហារសម្រាប់មន្ត្រីការទូត និងសរពីទ មន្ត្រីការទូត។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជាជំនួយដល់ស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ស្វែងយល់ឱ្យកាន់តែច្បាស់ពីសិល្បៈនៃការចម្អិនម្ហូបខ្មែរ និងបង្កើនសមត្ថភាពពន្យល់អំពីប្រវត្តិ ម្ហូបខ្មែរដល់បរទេស ហើយក៏ជាការចូលរួមប្រកបដោយបុរេសកម្មនៃវិស័យការទូតក្នុងការផ្សព្វផ្សាយពី មុខម្ហូប និងវប្បធម៌ខ្មែរ ទាក់ទាញភ្ញៀវទេសចរបរទេស និងការវិនិយោគ និងការពង្រីកការនាំចេញ ផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។
ការទូតអាហារ គឺជាផ្នែកមួយដ៏សំខាន់នៃអភិក្រមយុទ្ធសាស្ត្ររបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងដែលបានដាក់ចេញ កាលពីឆ្នាំ២០២១។ គោលបំណងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាក អន្តរជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចនូវចក្ខុវិស័យរបស់កម្ពុជា ប្រែក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយ ជនជាតិបារាំងលោក Edouard Cointreau ក្នុងគោលបំណងគាំទ្រនូវប្រពៃណីចម្អិនម្ហូបអាហារពីគ្រប់ ទិសទីនៃពិភពលោក៕
ដោយ ៖ សិលា