ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន៤ ដូចខាង ក្រោម៖

១-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា

ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ វិធានការគន្លឹះនោះរួមមាន ទី១-ការពង្រឹងអភិបាល កិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង ទី៤-ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើ ស្តង់ដាសាលារៀនដែលដាក់ចេញកន្លងមក ដោយបានបញ្ញាបវិធានការគន្លឹះទាំង ៤ ទៅក្នុង “ស្តង់ដាសាលារៀនគំរូ ចំនួន៥ សម្រាប់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ការបង្រៀននិងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាន នាយករដ្ឋមន្ត្រី ជាប្រធាន អមដោយសមាភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីចំនួន ១៦រូប និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត -ស្តង់ដាសាលារៀនគំរូ» និង “ពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» ព្រមទាំង “យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេស

ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ផ្ដើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះ តទៅ។ អ្វីទៅជា សាលារៀនគំរូ? សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញ រួមមាន៖ ទី១-សាលារៀន មានគណនេយ្យភាពជាមួយសហគមន៍ និងធ្វើការកែលម្អសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ ដោយមានការចូល រួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាល តាមរយៈការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រង សាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។

ទី២-សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន និងថ្នាក់រៀន ព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន។

ទី៣-សាលា រៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អការបង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម។

ទី៤-សាលារៀនមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយផ្ដោតលើកម្មវិធី អភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់រំសីលធម៌។

ទី៥-សាលា រៀនយកចិត្តទុកដាក់លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និងគិតគូរដល់អាហារូបត្ថម្ភ ដល់សិស្សានុសិស្ស និងទី៦-ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងការ អភិវឌ្ឍសាលារៀន។ នៅក្នុងអំឡុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែល មានសក្តានុពលចំនួន ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដា សាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំ។ ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគជ័យ ប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១០០០ ក្លាយទៅជា សាលារៀនគំរូ ដោយចាប់ផ្ដើមរៀបចំ សាលារៀនគំរូ សម្រាប់ប្រកាសក្នុងសន្និបាតអប់រំដែល គ្រោងប្រារព្ធឡើង នាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា។

ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ ក្រសួងអប់រំ យុវជន និងកីឡា សម្តេចធិបតី បានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិ ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្តុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាពឱ្យចំគោលដៅ។ សម្តេចធិបតី បានណែនាំក្រសួង អប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្តែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធាន មនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត។ សូមអានខ្លឹមសារ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដូចខាងក្រោមទាំងស្រុង ៕

ដោយ ៖ សិលា


ចែករំលែក៖