ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ វិធានការរបស់នាយករដ្ឋមន្ត្រី ទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ ជាវិធានការគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បានថ្លែងថា​ មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត​ បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ 

សម្តេចតេជោ​ បានថ្លែងបន្តថា​ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថាអ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។

សម្តេចតេជោ​ បន្តថា​ សូមបងប្អូនពលករវឹលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា .ថៃនឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួន​ នឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។

សម្ដេចតេជោ​ បានគូសបញ្ជាក់ទៀត​ថា​ ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតដើម្បីបងប្អូនបានជ្រាប។

-នេះជាសារនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត

ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ៖

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ 

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ 

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់មុឺននាក់។ 

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។ 

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។ 

ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង៕

ដោយ៖ តារា


ចែករំលែក៖